ក្រុមកាំភ្លើងធំ Arsenal នឹងមានសង្ឃឹមរក្សាទុកខ្សែបម្រើជម្រើសជាតិអាល្លឺម៉ង់ Mesut Ozil ឲ្យនៅបន្តទៀតក្រោយពេលសាមីខ្លួន បាននិយាយថារូបគេចង់បន្តនៅលេងក្នុងក្លឹបភាគខាងជើងទីក្រុងឡុងដុងក្នុងរដូវកាល២០១៧/២០១៨។
ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់គឺជាកីឡាករក្នុងចំណោម២រូបខណៈម្នាក់ទៀតគឺ Alexis Sanchez ដែលកុងត្រារបស់ពួកគេនឹងផុតកំណត់នៅរដូវកាលក្រោយ។ កីឡាករជួយអាល្លឺម៉ង់ឈ្នះWorld Cup 2014 នឹងពិភាក្សាបន្តកុងត្រាបន្ថែមជាមួយ Arsenal ប៉ុន្តែខាងក្លឹបមិនទាន់ឆ្លើយតបអ្វីនៅឡើយ។
ព័ត៌មានចចាមអារ៉ាម ជាច្រើនបាននិយាយថា Ozil និងអតីតខ្សែប្រយុទ្ធ Barcelona មានបំណងចាកចេញពីកីឡដ្ឋាន Emirate Stadiumដោយសារក្លឹបមិនមានការប្រកួតប្រជែងខ្ពស់ហើយឈរលេខលេខ៥ក្នុងតារា Premier League រដូវកាលមុនមានត្រឹមកៅអីលេងពាន Europa League ប៉ុណ្ណោះសម្រាប់រដូវកាលក្រោយនេះ។
ស្ដេចបញ្ជូនបាល់រូបក៏មានព័ត៌មានថារូបគេនឹងសម្រាកមិនឲ្យចូលលេងមិត្តភាពមុនបើករដូវកាលនៅទីក្រុងស៊ីដនីផងដែរ។ប៉ុន្តែតាមប្រភព Express បានឲ្យដឹងថាកីឡាករវ័យ២៨ឆ្នាំចង់បន្តនៅជាមួយ Arsenal ។
“ វាគឺជាការស្រឡាញ់ហើយចង់ស្នាក់នៅបន្ត។ នេះជាក្លឹបដ៏អស្ចារ្យ ហើយខ្ញុំតែងតែនិយាយថា ខ្ញុំមានអារម្មណ៍ល្អនៅ Arsenal។”
Ozil និយាយអំឡុងបទសម្ភាសន៍ក្នុងអំឡុងហ្វឹកហាត់ត្រៀម Pre- Season ថា៖” ពេលដែលយើងត្រឡប់មកទីក្រុងឡុងដុងវិញ ពួកយើងនឹងពិភាក្សាអំពីអនាគត។ អ្វីដែលយើងផ្ដោតឥឡូវគឺលេងក្នុងការប្រកួត Pre-Season ដើម្បីភាពរឹងមាំនិងរក្សាទម្រង់លេងហើយពេលមកដល់ទីក្រុងឡុងដុងវិញ យើងពិភាក្សា”៕