ក្លឹប​ឈរ​លេខ​២​ក្នុង ​Premier League រដូវ​កាល​មុន Tottenham បាន​ចេញ​មក​តថ្លៃ​យក​ខ្សែ​បម្រើ​ Real Madrid, Mateo Kovasic ក្រោយ​ពេល​ម្ចាស់​ជើង​ឯក​Champions League មួយ​នេះ​ចង់​លក់​ខ្សែ​បម្រើ​ចេញ​ក្នុង​រដូវ​ដោះដូរ​កីឡាករ​ដែល​កំពុង​ដំណើរ​ការ។

Kovasic បាន​ស៊ីញេ​កុង​ត្រា​ជាមួយ​ Real Madrid ពី​ក្លឹប ​Inter Milan កាល​ពី​ឆ្នាំ​២០១៥​ក្នុង​កុង​ត្រា​៦​ឆ្នាំ​​ ដោយ​​បាន​មក​ចូល​រួម​ជាមួយ​មិត្ត​រួម​ជម្រើស​ជាតិ​ ហើយ​ក៏​ជា ​Idol របស់​ខ្លួន​ Luka Modric នៅ​ Bernabeu។ បែប​នេះ​ក្ដី​!ខ្សែ​បម្រើ​សញ្ជាតិ​ក្រូអាត​រូប​នេះ​ ហាក់​ពិបាក​ប្រជែង​ដំណែង​ជម្រើស​ដំបូង​ក្នុង​ក្រុម​របស់​លោក Zinedine Zidane ដោយ​បាន​លេង​ជម្រើស​ដំបូង​ត្រឹម​១៩​ដង​ក្នុង ​La liga កាល​ពី​រដូវ​កាល​មុន​ហើយ​លេង​ពេញ​៩០​នាទី​បាន​៩​ប្រកួត​ប៉ុណ្ណោះ។

ប្រភព ​Standard Sport បាន​ដឹង​ថា​ម្ចាស់​ជើង​ឯក ​Champions League កំពុង​ពិចារណា​លក់​ Kovasic ខណៈ​កីឡាករ​វ័យ​២៣​ឆ្នាំ​ទទួល​បាន​ការ​ចែចង់​ពី​ក្លឹប​មួយ​ចំនួន​នៅ​អឺរ៉ុប។  Spurs គឺ​ជា​អ្នក​មក​តថ្លៃ​មុន​គេ​ ប៉ុន្តែ​កុង​ត្រា​រយៈពេល​វែង​របស់​ខ្សែ​បម្រើ​ជម្រើស​ជាតិ​ក្រូអាត​រូប​នេះ​ ធ្វើ​ឲ្យ​ក្លឹប​អង់គ្លេស​ខាង​លើ​​ចំណាយ​លុយ​ច្រើន​បន្តិច​។

ជម្រើស​របស់ ​Real Madrid ក្នុង​ការ​លក់​កីឡាករ​លេង​ក្នុង​តំបន់​បម្រើ​នេះ​គឺ​ ​ក្លឹប​ចង់​បាន​លុយ​ខ្លះ​ ទៅ​បង្គ្រប់​ក្នុង​ការ​ទិញ​ខ្សែ​ប្រយុទ្ធ​ Kylian Mbappe ​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​ទោះ​បី​ជា​ Real Madrid ត្រូវ​បាន​គេ​ដឹង​ថា​មាន​លុយ​ច្រើន​យ៉ាង​ណា​ក៏​ដោយ៕

 

ប្រភព៖ Standard Sport