ព្រឹត្តិការណ៍ប្រកួតពានរង្វាន់ V&Y Soccer Club មានចំនួន ២០ក្រុម បានចូលរួមប្រកួតប្រជែងរកម្ចាស់ជើងឯក ប្រចាំឆ្នាំ២០១៧ បានប្រកាសបើកជាផ្លូវការ កាលពីម្សិលមិញ នៅទីលាន V&Y Soccer Club ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោក ឃុល ភីរម្យ ប្រធានគណៈកម្មការវៀបចំការប្រកួតព្រឹត្តិការណ៍កីឡាបាល់ទាត់នេះបានឲ្យដឹងថា ការប្រកួតនឹងត្រូវប្រើប្រាស់រយៈពេល២ខែពេញ ដោយក្រុមចូលរួមចំនួន២០នោះ ត្រូវបានបែងចែកជា៥ពូល។ លោករំពឹងថា កីឡាករទាំងអស់នឹងប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព ដោយឈរលើគោលការណ៍លេងដោយយុត្តិធម៌ ក្នុងគោលដៅជំរុញឲ្យព្រឹត្តិការណ៍លើកទី១នេះ ទទួលបានជោគជ័យ តាមការគ្រោងទុក។ អ្នកជំនាញខាងបាល់ទាត់រូបនេះបន្ថែមថា តាមរយៈការប្រកួតនេះនឹងជួយជំរុញឲ្យយុវជននានាបានបង្កើនសុខភាព មិត្តភាព និងសាមគ្គីភាព ហើយថែមទាំងបានរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់ នៅក្នុងប្រទេសកំពុងអភិវឌ្ឍមួយនេះកាន់តែ រីកចម្រើនបន្ថែមទៀតផងដែរ។
លោក យិន វណ្ណៈ ម្ចាស់ទីលាន V&Y Soccer Club បញ្ជាក់ដែរថា ទីលាននេះ លោកទើបកសាងថ្មីដោយចំណាយដល់ទុនជាង១៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក តាមស្ដង់ដារអន្តរជាតិ។ ដូច្នេះហើយ ការបង្កើតពានរង្វាន់នេះ គឺជាការផ្សព្វផ្សាយ ពីទីលានឲ្យមហាជនបានស្គាល់ផង និងដើម្បីផ្តល់ឱកាសដល់យុវជន បានលេងកីឡា ដើម្បីសុខភាពផង ដើម្បីឈានទៅរកម្ចាស់ជើងឯកពានរង្វាន់ ដែលមានប្រាក់រង្វាន់ចំនួន ២ពាន់ដុល្លារ លេខ២ បាន១ពាន់ដុល្លារ និងលេខ៣ ទទួលបាន៥០០ដុល្លារ។ សម្រាប់រង្វាន់អ្នករកគ្រាប់បាល់ច្រើនជាងគេ កីឡាករលេងល្អជាងគេ អ្នកចាំទីលេងល្អជាងគេ ក៏មិនមានរង្វាន់ជាប្រាក់សុទ្ធដែរ ប៉ុន្តែនឹងទទួលបានជាស្បែកជើង និងស្រោមដៃ។
ថ្លែងក្នុងឱកាសបើកសម្ពោធការប្រកួតនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈន សារ៉ាណេ អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភា និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ឯកឧត្តមគឺជាអ្នកស្រឡាញ់កីឡាម្នាក់ ហើយឯកឧត្តមមកទីនេះ ដើម្បីជួយលើកទឹកចិត្តជូនដល់ប្អូនៗជាកីឡាករ។ ឯកឧត្តមបន្ថែមថា ប្អូនៗដែលស្រឡាញ់កីឡា សូមយកពេលមកលេងកីឡា គឺជារឿងល្អបំផុត ព្រោះវាអាចធ្វើឲ្យខ្លួនឯងបានជៀសឆ្ងាយពីគ្រឿងញៀន ដែលសង្គមស្អប់ខ្ពើម ហើយទទួលបានសុខភាពល្អ ដោយកត្តាសុខភាពនេះហើយ ជាភាពជោគជ័យសម្រាប់ជីវិតយើងគ្រប់ៗរូប។ មិនត្រឹមតែឯកឧត្តមលើកទឹកចិត្ត និងបំផុសស្មារតីដល់យុវជននានាឲ្យចូលរួមលេងកីឡាឲ្យបានគ្រប់ៗគ្នាប៉ុណ្ណោះទេ ប៉ុន្តែឯកឧត្តមក៏បានជួយឧបត្ថម្ភនូវទឹកប្រាក់មួយចំនួនផងដែរ៕