ទិវារត់កម្សាន្តពេលរាត្រី នៅតំបនត់ Pub Street ខេត្តសៀមរាប គ្រោងនឹងធ្វើឡើងនៅវេលាម៉ោង ៧យប់ ថ្ងៃទី០៥ ខែវិច្ឆិកា ខាងមុខ ដែលរៀចំដោយក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសម្រេចបង្កើនព្រឹត្តិការណ៍រត់ប្រណាំងថ្មីមួយនេះឡើង ក្នុងគោលបំណង់ បង្កើនសកក្តានុពលកាន់តែខ្លាំងឡើង ក្នុងវិស័យទេសចរណ៍។ នេះបើឲ្យដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅក្នុងសន្និសិតសាពត៌មានមួយ កាលពីព្រឹកមិញនេះ នៅទីស្នាក់ការ NOCC។
អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន មានប្រសាសន៍ថា ព្រឹត្តិរត់ប្រណាំងពេលរាត្រីនេះត្រូវបានបង្កើតឡើងជាលើកដំបូង ស្របតាមទិសដៅរបស់លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC ដើម្បីជំរុញឲ្យតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាពខ្លាំងក្លារបស់កម្ពុជាមួយនេះកាន់តែមានកម្មវិធីសប្បាយៗ និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនបន្ថែមទៀត។
លោកបន្ថែមថា គោលបំណងសំខាន់ ក្នុងការបង្កើតព្រឹត្តិការណ៍ថ្មីនេះ គឺផ្ដោតលើការទាក់ទាញភ្ញៀវទេសចរ និងផ្ដល់ភាពសប្បាយរីករាយជូនភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅតំបន់អង្គរ ខេត្តសៀមរាប។ ជាពិសេសគឺ ការរៀបចំនេះ ក្រៅពីបង្កើតផលិតផលទេសចរណ៍ថ្មី គណៈកម្មការរៀបចំក៏ផ្ដោតសំខាន់លើការធ្វើសប្បុរសធម៌ ដោយស្វែងរកចំណូល និងមូលនិធី ជួយដល់មន្ទីរពេទ្យ និងអង្គការជួយដល់សង្គមផ្សេងៗផងដែរ។
លោក សែម ផល្លា នាយកប្រតិបត្តិនៃព្រឹត្តិការណ៍នេះ បានឲ្យដឹងថា សម្រាប់អ្នកចុះឈ្មោះរត់គិតមកដល់ត្រឹមថ្ងៃនេះ មានកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិបានចុះឈ្មោះចូលរួមបានចំនួន ៤០០នាក់ហើយ ខណៈការរំពឹងទុកសម្រាប់ ទិវារត់ប្រណាំងលើកទី១នេះ អាចនៅក្រោយ១០០០នាក់ប៉ុណ្ណោះ។ លោកបន្ថែមថា ទិវារត់ពេលរាត្រីនេះគឺរត់លើចម្ងាយផ្លូវ៥គីឡូម៉ែត្រ នៅក្នុងទីក្រុងសៀមរាប និងតាមបណ្តោយដងស្ទឹងសៀមរាប ដែលកន្លែចចេញដំណើរ និងដល់ទី នៅតំបន់ Pub Street៕