លោក Arsene Wenger បានបង្ហើបថាលោកនឹងគិតគូពីអនាគតរបស់ខ្លួននៅប៉ុន្មានសប្ដាហ៍សប្ដាហ៍ខាងមុខ ក្រោយចាកចេញពីក្រុមកាំភ្លើងធំ Arsenal ។
អ្នកចាត់ការវ័យ៦៨ឆ្នាំត្រូវបានសារព័ត៌មានជាច្រើនបានចុះផ្សាយថា នឹងអាចទៅជំនួសតំណែងរបស់ Zinedine Zidane នៅ Real Madrid។ Wenger ក៏ត្រូវបានទាក់ទងពីក្លឹបអ្នកមានបារាំង Paris Saint-Germain ឲ្យទៅធ្វើនាយកគ្រប់គ្រងនៅទីនោះផងដែរ។
និយាយទៅកាន់ទូរទស្សន៍បារាំង Wenger៖ “ខ្ញុំត្រូវតែឆ្លើយសំនួរពីអនាគតរបស់ខ្ញុំនៅ១៥ថ្ងៃទៀត។ ខ្ញុំនៅតែចង់ធ្វើជាអ្នកចាត់ការដដែល។ តើខ្ញុំសមនឹងនាំខ្លួនឯងចូលទៅកាន់ការងារដែលមានការប្រជែងច្រើននេះទៀតឬយ៉ាងណា? វាគឺជាការងារដែលទាមទារការប្ដេជ្ញាចិត្តខ្ពស់”។
គួររំលឹកថា លោក Arsene Wenger បានសម្រេចចាកចេញពី Arsenal ក្រោយដឹកនាំអស់រយៈពេល២២ឆ្នាំ ដោយជួយឲ្យក្លឹបឈ្នះ Premier League ៣ដង, FA Cup ៧ដងផងដែរ៕