កីឡាកររបស់ក្លិបក្រសួងការពារជាតិ សមាជិកក្នុងពានរង្វាន់ជម្រើសជើងឯកជាតិ (Metfone Cambodian League 2017) ចំនួន៤រូបដោយក្នុងនោះមានខ្លះជាសមាជិកក្នុងក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញខ្លួនផ្លូវការក្នុងព្រឹត្តិការណ៍វេទិការជាតិអប់រំបណ្តុះបណ្តាលបច្ចេទេសនិងវិជ្ជាជីវៈ ឆ្នាំ២០១៧ នៅនៅថ្ងៃច័ន្ទ ម្សិលមិញក្នុងកោះពេជ្រ។
កីឡាករទាំង៤រូបនេះមាន ឈិន ឈឿន ជាខ្សែបម្រើ, អ៊ុំ វិចិត្រ ជាអ្នកចាំទី, រឿម ចាន់រឿង ជាខ្សែការពារនិង សុខ ហ៊ាង ជាខ្សែបម្រើស្លាប បានចូលរួមក្នុងវេទិការដែលរៀបចំឡើងដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ពេញមួយថ្ងៃច័ន្ទ ទី៣ ខែកក្កដា ឆ្នាំ២០១៧ ម្សិលមិញតែម្ដង។ កីឡាករទាំងអស់បានថតរូបជាអនុស្សាវរិយ៍និងបង្ហាញបច្ចេកទេសមួយចំនួនដល់អ្នកចូលរួមបានទស្សនាផងដែរ។
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថាវេទិការនេះរៀបចំតែ១ថ្ងៃប៉ុណ្ណោះ ក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណងឱ្យសិស្សានុសិស្សដែលកំពុងតែត្រៀមខ្លួនចូលទៅកាន់ទីផ្សារការងារនាពេលខាងមុខទទួលបាននូវព័ត៌មានពីតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ននិងទៅអនាគត សម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការសម្រេចចិត្តជ្រើសរើសជំនាញមកសិក្សា។ ព្រឹត្តិការណ៍នេះមានអ្នកចួលរួមប្រមាណជាង៧ពាន់នាក់ ដោយមានការចូលរួមជាអធិបតីពីសំណាក់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។
ក្រុមក្រសួងការពារជាតិ កំពុងតែប្រដេញនៅតំបន់កំពូលតារាងក្រោយប្រកួតបាន១៣លើកឈ្នះបានរហូតដល់៨លើក ស្មើគ្នា៣លើក និងចាញ់២លើកមាន២៧ពិន្ទុក្នុងដៃ ឈរលេខរៀងទី២បណ្តោះអាសន្ន។ ក្រុមរបស់លោក ទេព ឡុងរចនា ជាបេក្ខភាពមិនអាចមើលរំលងក្នុងការប្រជែងរកជើងឯកនៅរដូវកាលនេះ ខណៈក្រុមសំបូរទៅដោយកីឡាករក្មេងៗ និងកីឡាករបរទេសដែលមានកម្រិតបច្ចេកទេសខ្ពស់ជាជនជាតិកូរ៉េខាងជើង៕