កីឡាករ​​របស់​ក្លិប​ក្រសួងការពារជាតិ សមាជិក​ក្នុង​ពានរង្វាន់​ជម្រើស​ជើង​ឯកជាតិ (Metfone Cambodian League 2017) ចំនួន​៤រូប​​​ដោយ​ក្នុង​នោះ​មាន​ខ្លះ​ជា​សមាជិក​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​បង្ហាញ​ខ្លួន​ផ្លូវការ​ក្នុង​ព្រឹត្តិការណ៍​វេទិការ​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេទេស​និង​វិជ្ជាជីវៈ ឆ្នាំ​២០១៧ នៅ​នៅ​ថ្ងៃ​ច័ន្ទ ម្សិលមិញ​ក្នុង​​កោះពេជ្រ។

កីឡាករ​ទាំង​៤រូប​នេះ​មាន ឈិន ឈឿន ជា​ខ្សែ​បម្រើ, អ៊ុំ វិចិត្រ ជា​អ្នកចាំទី, រឿម ចាន់រឿង ជា​ខ្សែ​ការពារនិង សុខ ហ៊ាង ជា​ខ្សែ​បម្រើ​ស្លាប បាន​​ចូលរួម​ក្នុង​វេទិការ​ដែល​រៀបចំ​ឡើង​ដោយ​​ក្រសួងការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពេញ​មួយ​ថ្ងៃច័ន្ទ ​ទី៣ ខែ​កក្កដា ឆ្នាំ​២០១៧ ម្សិលមិញ​តែ​ម្ដង។ កីឡាករ​ទាំង​អស់​បាន​ថតរូប​ជា​អនុស្សាវរិយ៍​និង​បង្ហាញ​បច្ចេកទេស​មួយ​ចំនួន​ដល់​អ្នក​ចូលរួម​បាន​ទស្សនា​ផង​ដែរ។

ក្រសួងការងារ​​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឱ្យ​ដឹង​ថា​វេទិការ​នេះ​រៀបចំ​តែ​១ថ្ងៃ​ប៉ុណ្ណោះ ក្នុង​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​ឱ្យ​សិស្សានុសិស្ស​ដែល​កំពុង​តែ​ត្រៀម​ខ្លួន​ចូល​ទៅ​កាន់​ទីផ្សារ​ការងារ​នាពេល​ខាង​មុខ​ទទួល​បាន​នូវ​ព័ត៌មាន​ពី​តម្រូវការ​ទីផ្សារ​ការងារ​នាពេល​បច្ចុប្បន្ន​និង​ទៅ​អនាគត​ សម្រាប់​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​សម្រេច​ចិត្ត​ជ្រើសរើស​ជំនាញ​មក​សិក្សា។ ព្រឹត្តិការណ៍​នេះ​មាន​អ្នក​ចួលរួម​ប្រមាណ​ជាង​៧ពាន់​នាក់​ ដោយ​មាន​ការ​ចូលរួម​ជា​អធិបតី​ពី​សំណាក់​ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ផង​ដែរ។

ក្រុម​ក្រសួងការពារជាតិ កំពុង​តែ​ប្រដេញ​នៅ​តំបន់​កំពូល​តារាង​ក្រោយ​ប្រកួត​បាន​១៣លើក​ឈ្នះ​បាន​រហូត​ដល់៨លើក ស្មើ​គ្នា៣លើក និង​ចាញ់​២លើក​មាន​២៧ពិន្ទុ​ក្នុង​ដៃ ឈរ​លេខរៀង​ទី២បណ្តោះអាសន្ន។ ក្រុម​របស់​​លោក ទេព ឡុងរចនា ជា​បេក្ខភាព​មិន​អាច​មើល​រំលង​ក្នុង​ការ​ប្រជែង​រក​​ជើង​ឯក​នៅ​រដូវកាល​នេះ ខណៈ​ក្រុម​សំបូរ​ទៅ​ដោយ​កីឡាករ​ក្មេងៗ និង​កីឡាករ​បរទេស​ដែល​មាន​កម្រិត​បច្ចេកទេស​ខ្ពស់​ជា​ជនជាតិ​កូរ៉េខាងជើង៕