អតីតកីឡាករខ្សែបម្រើរបស់ក្រុមតោខៀវ Chelsea និងក្រុមជម្រើសជាតិអង់គ្លេស Frank Lampard ត្រូវបានក្លឹបបាល់ទាត់ Derby County តែងតាំងជាអ្នកចាត់ការទូទៅ ក្នុងកិច្ចព្រមព្រៀងរយៈពេល ៣ឆ្នាំ។ គួរជម្រាបជូនថា នេះគឺជាលើកដំបូង ដែល Lampard កាន់តំណែងជាអ្នកគ្រប់គ្រង។
អតីតកីឡាករបាល់ទាត់វ័យ ៣៩ឆ្នាំរូបនេះ បាននិយាយថា «ខ្ញុំតែងតែចង់ធ្វើជាអ្នកចាត់ការក្នុងក្លឹប ដែលមានទំនៀមទម្លាប់ និងប្រវត្តិសាស្ត្រដ៏ធំធេង ដូចជា Derby County នេះ។ ដូច្នេះ នេះគឺជាឱកាសដ៏មហិមា»។ Lampard បន្តថា «នេះគឺជាការងារដំបូងរបស់ខ្ញុំ ក្នុងនាមជាអ្នកចាត់ការទូទៅ ប៉ុន្តែខ្ញុំធ្លាប់បានធ្វើការយ៉ាងជិតស្និទ្ធិ ជាមួយគ្រូបង្វឹកល្អៗជាច្រើន ក្នុងការប្រកួតនីមួយៗ ដូច្នេះខ្ញុំទុកចិត្តលើសមត្ថភាពរបស់ខ្ញុំ និងសមត្ថភាពរបស់ក្រុមទាំងមូល រួមទាំងម្ចាស់ក្លឹប និងសមាជិកគណៈកម្មការក្នុងក្លឹបទាំងអស់»។
Lampard បានចូលមកកាន់តំណែងជាអ្នកចាត់ការទូទៅ ដើម្បីជំនួសលោក Gary Rowett ដែលបានចេញទៅដឹកនាំក្រុម Stoke។ គេរំពឹងថា Lampard អាចនឹងនាំយកកីឡាករយុវជនរបស់ Chelsea មកចូលរួមជាមួយក្រុម Derby County ផងដែរ។
សូមរម្លឹកថា Frank Lampard បានបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិអង់គ្លេសចំនួន ១០៦ដង និងបង្ហាញខ្លួនឲ្យក្រុមតោខៀវ Chelsea បាន ៦៤៩ដង ព្រមទាំងបានជួយក្លឹបឲ្យឈ្នះពានរង្វាន់ធំៗចំនួន ១១លើក ដោយក្នុងនោះ មានពានរង្វាន់ Premier League ៣ដង, FA Cups ៤ដង, League Cups ២ង, the Europa League ១ដង និង Champions League ១ដង។ Lampard បានចាកចេញពី Chelsea កាលពីឆ្នាំ ២០១៤ រួចបន្តទៅលេងឲ្យ Man City បានមួយឆ្នាំ មុននៅទៅចូលរួមជាមួយក្រុម New York City នៅឆ្នាំ ២០១៥ ហើយប្រកាសចូលនិវត្តន៍ នៅឆ្នាំ ២០១៧៕