ក្រុមបាល់ទាត់អាយុក្រោម១៨ឆ្នាំរបស់សាលាបាល់ទាត់ជាតិបាទីបានឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup 2018) ថ្នាក់ខេត្ត បន្ទាប់ពីឈ្នះក្រុមគីរីវង់សុខសែនជ័យដោយលទ្ធផល ២-១ ល្ងាចនេះនៅស្តាតចាស់។
ក្រុមគីរីវង់សុខសែនជ័យបានទម្លាយសំណាញ់ទីរបស់យុវជនបាទីដើម្បីនាំមុខ ១-០ មុនដោយកីឡាករជាខ្សែការពារ អ៊ុន វិច្ឆិកា ប៉ុន្តែត្រូវបានខ្សែបម្រើប្រយុទ្ធបាទី ឡុង ម៉េងហាវ ស៊ុតតាមស្មើ១-១ មុនពេលចប់វគ្គទី១។ នៅវគ្គទី២ យុវជនបាទីបានទម្លាយសំណាញ់ទី១គ្រាប់ទៀតដោយកីឡាករ សៀន សុភ័ក្ត្រា ដែលជាគ្រាប់បាល់ជ័យជម្នះតែម្តង។
ក្រោយបញ្ចប់ថ្នាក់ខេត្ត ព្រឹត្តិការណ៍នេះបន្តការប្រកួតថ្នាក់ជាតិ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ដោយមានក្រុមចំនួន ១៦ ធ្វើការប្រកួតប្រជែង។ ក្រុមទាំង១៦នោះរួមមាន ក្រុមដែលបានឡើងមកកាន់វគ្គ ៤ ក្រុមចុងក្រោយនៃថ្នាក់ខេត្ត និងក្រុមទាំង ១២ ដែលកំពុងលេងនៅលីគកំពូលកម្ពុជា។
ចំណែកពានលក្ខណៈឯកត្តជនប្រចាំព្រឹត្តិការណ៍វិញ អ្នកទាត់បញ្ចូលទីច្រើនជាងគេបានទៅ យុវជនក្រសួងការពារជាតិ កែវ ណារ៉ូ ដែលបំប៉ោងសំណាញ់បាន១២គ្រាប់ អ្នកចាំទីល្អបានទៅ ហ៊ុល គីមហ៊ុយ ហើយគ្រូល្អបានទៅ លោក Musashi Mizushima គ្រូបង្វឹក U18 បាទី។ ជយលាភីទាំង៣ទទួលបានថវិកាលើកទឹកចិត្ត៥០ម៉ឺនរៀលម្នាក់។
សម្រាប់ប្រាក់រង្វាន់ទៅតាមចំណាត់ថ្នាក់ ក្រុមជើងឯក ទទួលបាន១៥លានរៀល ខណៈជើងឯករងទទួលបាន៧លាន៥សែនរៀល៕
រូបភាព & វីដេអូ៖ CNCC
ទីបំផុតទៅ ក្រុមសាលាបាល់ទាត់ជាតិអាយុក្រោម១៨ឆ្នាំ គ្រងជើងឯកពានសម្ដេចតេជោថ្នាក់ខេត្ត
ទីបំផុតទៅ ក្រុមសាលាបាល់ទាត់ជាតិ អាយុក្រោម១៨ឆ្នាំ គ្រងជើងឯកពានសម្ដេចតេជោថ្នាក់ខេត្តដោយជោគជ័យ ក្រោយយកឈ្នះគូប្រជែង គីរីវង់សុខសែនជ័យ ប្រផុតប្រផើយ ២-១ លើវាលស្មៅកីឡដ្ឋាន ខ.ភ.ម នាយប់ថ្ងៃទី២៣ ឧសភា ខណៈគ្រូបង្វឹក និង អ្នកចាំទី U18 បាទី ឈ្នះពានឯកត្តជនរៀងខ្លួន។ អត្ថបទបន្ថែម៖ http://cncc-football.com/article/?tid=195&id=
Posted by CNCC – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា on Wednesday, May 23, 2018