​ក្រុម​បាល់ទាត់​​​អាយុ​ក្រោម​១៨​ឆ្នាំ​របស់​សាលា​បាល់ទាត់​​ជាតិ​បាទី​បាន​ឈ្នះ​​ជើង​ឯក​​ពាន​រង្វាន់សម្តេច​តេជោ ហ៊ុន សែន​ (Hun Sen Cup 2018) ថ្នាក់​ខេត្ត បន្ទាប់​ពី​​​ឈ្នះ​ក្រុម​​គីរីវង់​សុខសែន​ជ័យដោយ​លទ្ធផល​ ២-១ ​​ល្ងាច​នេះ​​នៅ​ស្តាត​ចាស់។

ក្រុម​គីរីវង់សុខសែន​ជ័យ​បាន​ទម្លាយ​សំណាញ់​ទី​របស់​យុវជន​បាទី​ដើម្បី​នាំ​មុខ ១-០ មុនដោយ​កីឡាករ​ជា​ខ្សែ​ការពារ​ អ៊ុន វិច្ឆិកា ប៉ុន្តែ​ត្រូវ​បាន​ខ្សែ​បម្រើ​ប្រយុទ្ធ​បាទី ឡុង ម៉េងហាវ ស៊ុត​តាម​ស្មើ​១-១ មុន​ពេល​ចប់​​វគ្គ​ទី​១​។ នៅ​វគ្គ​ទី​២ យុវជន​បាទី​បាន​​ទម្លាយ​សំណាញ់​ទី​១​គ្រាប់​ទៀត​​ដោយ​កីឡាករ សៀន សុភ័ក្ត្រា ដែល​ជា​គ្រាប់​បាល់​ជ័យជម្នះ​តែ​ម្តង។

​ក្រោយ​បញ្ចប់​​ថ្នាក់​ខេត្ត​​ ព្រឹត្តិការណ៍​​​នេះ​​​បន្ត​ការ​ប្រកួត​ថ្នាក់​ជាតិ​ ដែល​គ្រោង​ធ្វើ​​ឡើង​នៅ​ថ្ងៃ​ទី​​១១ ខែ​កក្កដា ឆ្នាំ​២០១៨ ដោយ​​មាន​ក្រុម​ចំនួន ១៦ ​ធ្វើ​ការ​ប្រកួត​ប្រជែង។ ក្រុម​ទាំង​១៦​នោះ​រួម​មាន​ ក្រុម​​ដែល​បាន​ឡើង​មក​កាន់​វគ្គ ៤​ ក្រុម​ចុង​ក្រោយ​នៃ​​ថ្នាក់​ខេត្ត​ និង​ក្រុម​ទាំង ១២ ដែល​កំពុង​លេង​នៅ​លីគ​កំពូល​កម្ពុជា​។

ចំណែកពានលក្ខណៈឯកត្តជនប្រចាំព្រឹត្តិការណ៍វិញ អ្នកទាត់បញ្ចូលទីច្រើនជាងគេបានទៅ យុវជនក្រសួងការពារជាតិ កែវ ណារ៉ូ ដែលបំប៉ោងសំណាញ់បាន១២គ្រាប់ អ្នកចាំទីល្អបានទៅ ហ៊ុល គីមហ៊ុយ ហើយគ្រូល្អបានទៅ លោក Musashi Mizushima គ្រូបង្វឹក U18 បាទី។ ជយលាភីទាំង៣ទទួលបានថវិកាលើកទឹកចិត្ត៥០ម៉ឺនរៀលម្នាក់។

សម្រាប់ប្រាក់រង្វាន់ទៅតាមចំណាត់ថ្នាក់ ក្រុមជើងឯក ទទួលបាន១៥លានរៀល ខណៈជើងឯករងទទួលបាន៧លាន៥សែនរៀល៕

រូបភាព & ​វីដេអូ៖ CNCC

ទីបំផុតទៅ ក្រុមសាលាបាល់ទាត់ជាតិអាយុក្រោម១៨ឆ្នាំ គ្រងជើងឯកពានសម្ដេចតេជោថ្នាក់ខេត្ត

ទីបំផុតទៅ ក្រុមសាលាបាល់ទាត់ជាតិ អាយុក្រោម១៨ឆ្នាំ គ្រងជើងឯកពានសម្ដេចតេជោថ្នាក់ខេត្តដោយជោគជ័យ ក្រោយយកឈ្នះគូប្រជែង គីរីវង់សុខសែនជ័យ ប្រផុតប្រផើយ ២-១ លើវាលស្មៅកីឡដ្ឋាន ខ.ភ.ម នាយប់ថ្ងៃទី២៣ ឧសភា ខណៈគ្រូបង្វឹក និង អ្នកចាំទី U18 បាទី ឈ្នះពានឯកត្តជនរៀងខ្លួន។ អត្ថបទបន្ថែម៖ http://cncc-football.com/article/?tid=195&id=

Posted by CNCC – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា on Wednesday, May 23, 2018