ព្រឹត្តិការណ៍កីឡាប៉េតង់ ដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១៧ ប្រចាំឆ្នាំ២០១៧ បានប្រកាសបើកការប្រកួតជាផ្លូវការហើយ កាលពីព្រឹកថ្ងៃសុក្រ នៅទីលានរបស់ខ្លួន នៃពហុកីឡដ្ឋានជាតិ អូឡាំពិក ដោយមានកីឡាករ កីឡាការិនីចូលរួមប្រជែងជើងឯកចំនួន៣៩០នាក់។
មន្ត្រីសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ឆ្នាំ២០១៧នេះ មានវិញ្ញាសាចំនួន៧ដាក់ឲ្យប្រកួត ដែលមានដូចជា ផ្នែកបុរស ៣នាក់ទល់៣នាក់សម្រាប់ពានរង្វាន់ធំ, ផ្នែកវ័យចាស់ ៣នាក់ទល់៣នាក់ អាយុ៥៥ឆ្នាំឡើង, ផ្នែក៣នាក់ទល់៣នាក់ មិនកំណត់អាយុ, ផ្នែកយុវជនអាយុក្រោម១៨ឆ្នាំ ម្នាក់ទល់ម្នាក់, ផ្នែកនារីអាយុក្រោម១៧ឆ្នាំ ម្នាក់ទល់ម្នាក់, ផ្នែកចម្រុះ យុវជន-យុវនារី ៣នាក់ទល់៣នាក់ និងវិញ្ញាសាផ្នែកបុរស ៣នាក់ទល់៣នាក់ សម្រាប់ពានរង្វាន់សមាគម។ ព្រឹត្តិការណ៍នេះបានចាប់ផ្តើមនៅថ្ងៃសុក្រនេះ និងគ្រោងបញ្ចប់នាថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៧ ដោយក្លឹបចូលរួមសរុបមានចំនួន៣៦ ស្មើនឹង៤៣ក្រុម ហើយមានកីឡាករកីឡាការិនីសរុបចំនួន ៣៩០នាក់។
សូមបញ្ជាក់ថា ប្រភេទកីឡាប៉េតង់របស់កម្ពុជាគឺជាប្រភេទកីឡាសក្តានុពលខ្ពស់ជាងគេ ដែលធ្លាប់បានដណ្តើមបានមេដាយមាសពិភពលោក៤សម័យកាល រួមទាំងមេដាយជាច្រើនគ្រឿងទៀតពីការប្រកួតអន្តរជាតិ ហើយ ការបណ្តុះបណ្តាល ក៏ដូចជាការប្រកួតថ្នាក់ជាតិរបស់ខ្លួន គឺសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាកំពុងតែខិតខំយ៉ាង ខ្លាំង ដើម្បីធ្វើឲ្យកាន់តែមានឧត្តមភាពលើឆាកអន្តរជាតិបន្ថែមទៀតផងដែរ៕