នៅលើក្រដាស Bayern Munich ជាក្រុមដែលល្អជាង Real Madrid ឆ្ងាយ ប៉ុន្តែដូចដែលប្រិយមិត្តបានដឹងរួចមកហើយការប្រកួតបាល់ទាត់មិនលេងនៅលើក្រដាសទេ។
ទោះបីជាចាញ់ដោយសារការវាយបកយកជ័យជម្នះ២ទល់១គ្មាននរណាដែលថា Bayern Munich លេងមិនល្អទល់នឹងReal Madrid នោះទេកាលពីយប់មិញ។ ជាទីបញ្ចប់កំហុសដ៏តូចមួយធ្វើឲ្យក្រុមអាល្លឺម៉ង់ត្រូវចាញ់ខណៈដែលទម្រង់លេងជាក្រុមរបស់ពួកគេលេងបានល្អបំផុតក៏ដោយ។
ដំបូងគឺ Bayern Munich បង្កើតឱកាសដ៏គ្រោះថ្នាក់បំផុតទៅលើ Real Madrid ចំនួន១៣លើក ខណៈក្រុមអេស្ប៉ាញមានឱកាសតែ៧ដងប៉ុណ្ណោះ។ ក្រុមលោក Heynckes ទាត់តម្រង់ទីច្រើនជាង គឺ៩ដងដោយ៥ដងចំទីហើយ៤ដងខុសទី ខណៈដែលReal Madrid ស៊ុតបាន៦ដង ៤ដងចំគោលដៅហើយ២ដងទៀតបាញ់ចាប។
ក្នុងនាមជាក្រុមម្ចាស់ផ្ទះតែងតែបែបនេះ, Bayern គ្រប់គ្រង់បាល់ដល់ទៅ៥៨% ហើយបើនិយាយពីភាពជោគជ័យនឹងការប៉ះសេបាល់វិញ ល្អជាង Real Madrid ដាច់តែម្ដង។ Bayern ប៉ះសេបាល់ជោគជ័យ៥៣៣ដងខណៈដែលReal បានតែ ៣៤៤ដងប៉ុណ្ណោះ។
និយាយពីការរត់របស់ក្រុមទាំងពីរ Bayern រត់បានដល់ទៅ១១០.៥គីឡូម៉ែត្រខណៈដែល Real ត្រូវរត់តាមដេញបាល់១០៦.៥គីឡូម៉ែត្រ។ Real Madrid ខាតឱកាសដោយសារជំហរក្រៅល្បែង(Off-Side)ដល់ទៅ៦ដង ខណៈដែល Bayern មិនដែលOffside សោះតែម្ដង។ហើយនិយាយពីបាល់ពិន័យគ្រប់យ៉ាងគិតទាំងបាល់ពិន័យជ្រុងបាល់ពិន័យហ្វ្រីឃីកគឺ Bayern បានច្រើនដាច់គឺ១០ដងខណៈដែល Real បានតែ៣ដង។
ហើយរឿងតែម្យ៉ាងដែលជាបញ្ហាសម្រាប់ Bayern Munich គឺការយកឈ្នះ Real Madrid ក្នុងការរកគ្រាប់បាល់៕