ក្រុមបិសាចក្រហម Manchester United បានវាយបកយកឈ្នះក្រុមគូប្រជែង Manchester City ៣ទល់២ក្នុងការប្រកួត Premier League ខណៈដែលជ័យជម្នះនេះពន្យារពេលលើកពានរបស់ Man City បន្តទៀត។
នៅវគ្គទី១ក្រុមម្ចាស់ផ្ទះ Man City ពិតលេងបានល្អបំផុតដោយរកបាន២គ្រាប់នាំមុខ ដោយកីឡាករខ្សែការពារប្រធានក្រុម Vincent Kompany នៅនាទី២៥ហើយ Gundogan រកបានគ្រាប់នាំមុខទី២បន្ថែមទៀតនៅនាទី៣០។ នាទីដែលនៅសល់ ក្នុងវគ្គទី១ក្រុមម្ចាស់ផ្ទះ បានវាយសម្រុកខ្លាំងឡើងៗពិសេសពីការទាត់របស់ Raheem Sterling ប៉ុន្តែមិនបានសម្រេចហើយលទ្ធផលនាំមុខនេះបន្តដល់ចប់វគ្គទី១។
ចូលវគ្គទី២ក្រុម Man United ហាក់រៀបទម្រង់ត្រូវឡើងវិញក៏ វាយបកវិញដល់ទៅ៣គ្រាប់ផ្ទួនៗដោយកីឡាករខ្សែបម្រើ Paul Pogba ២គ្រាប់ម្នាក់ឯងនៅនាទី៥៣ និងនាទី៥៥ ខណៈខ្សែការពារ Chris Smalling បន្ថែមគ្រាប់ជ័យជម្នះនៅនាទី៦៩។ ក្រុមទាំងពីរធ្វើការវាយសម្រុកគ្នាទៅវិញទៅមុខរហូតដល់មានការប៉ះទង្គិចគ្នាញឹកញាប់រហូតអាជ្ញាកណ្ដាលចាយកាតលឿងមិនចេះតិច។ ការប្រកួតកាន់តែតានតឹងខ្លាំងឡើងហើយ City វាយសម្រុកកាន់តែខ្លាំង ប៉ុន្តែមិនអាចរកគ្រាប់បាល់បានបន្ថែមទៀតនោះទេ។
ចប់ការប្រកួត Manchester City ២Manchester United៣ដែលលទ្ធផលនេះក្រុមលោកPep ត្រូវរងចាំអ៊ុតការប្រកួតក្រោយៗទៀតដើម្បីលើកពាន Premier Leagueខណៈ Manchester United បានសម្រេចគោលបំណងពន្យារពេលរបស់ខ្លួនហើយ៕
[youtube id=”5Xd636PtiIo”]