ក្រោយពីប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល១០ថ្ងៃ វគ្គជម្រុះជើងឯកពិភពលោក World Championship Qualifies នៅទីក្រុងចេជូ ប្រទេសកូរ៉េខាងត្បូង ក្រុមកីឡាករ បាល់ទះអង្គុយ កម្ពុជាទទួលបានចំណាត់លេខ៥ប៉ុណ្ណោះ ពោលគឺមានតែប្រទេសក្រូអាត តែមួយគត់ដែលមានកៅអីឡើងទៅប្រកួតជម្រុះបន្តនៅប្រទេសហូឡង់ ដើម្បីទទួលបាន កៅចូលរួម ព្រឹត្តិការណ៍អូឡាំពិកហ្គេម នាឆ្នាំ២០២០ ខាងមុខនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ជាមួយនឹងដំណើរនិវត្តវិលមកមាតុភូមិរបស់ប្រតិភូបាល់ទះអង្គុយកម្ពុជា កាលពីយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈ កម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជាបានមានប្រសាសន៍ថា ថ្វីត្បិតដែលកម្ពុជា ទទួលបានចំណាត់លេខ៥។
ប៉ុន្តែឯកឧត្តមចាត់ទុកថា ការប្រកួតបាល់ទះអង្គុយវគ្គជម្រុះនៅ ប្រទេសកូរ៉េនេះគឺជោគជ័យធំធេងណាស់ របស់កម្ពុជា ដែលអាចយកឈ្នះ ក្រុមនៅតំបន់អឺរ៉ុប ក្រុមអ៊ីតាលី និងតំបន់អាស៊ី ប្រទេសម៉ុងហ្គោលី ហើយវាជាការប្រកួតដ៏ស្វិតស្វាញរបស់ បាល់ទះកម្ពុជាយើង។
ឯកឧត្តមបន្ថែមទៀតថា សម្រាប់ការប្រកួតក្រុមកម្ពុជាពិតជាពិបាកណាស់ ដើម្បីយកឈ្នះក្រុមនៅតំបន់ ប៉ែកអឺរ៉ុប ដោយកាយសម្បទា និងមាឌខុសគ្នាឆ្ងាយ ប៉ុន្តែបើទោះ ជាយ៉ាងនេះក្តីក្រុម កម្ពុជាយើង បានខិតខំបញ្ចេញនូវសមត្ថភាព និងប្រើយុទ្ធ សាស្រ្តប្រកួតបានយ៉ាងល្អ ព្រោះថាកីឡាមិនស្ថិត ទៅលើកម្ពស់ ឬមាឌទាំងអស់នោះទេ គឺស្ថិតនៅលើកម្រិតបច្ចេកទេសផងដែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតបាល់ទះអង្គុយជនពិការ វគ្គជម្រុះជើងឯកពិភព លោក World Championship Qualifies នេះមានចំនួន ៧ប្រទេសចូលរួមប្រកួតដោយ កម្ពុជា ស្ថិតនៅពូល A មានប្រទេស Korea, Latvia, Italy និងកម្ពុជា។ ចំណែកឯពូល B មានប្រទេស Croatia, Thailand និង Mongolia។ សម្រាប់៣ប្រកួតរបស់កម្ពុជាក្នុងពូល B គឺឈ្នះ១ ចាញ់២ ដោយឈ្នះ ប្រទេស Italy ៣សិត០ ចាញ់ប្រទេសកូរ៉េ ៣សិត០ និងចាញ់ប្រទេស Latvia ៣សិតទល់នឹង១ សិត។ ដោយឡែកការប្រកួតចុងរបស់ កម្ពុជាបានយកឈ្នះប្រទេស Mongolia ៣សិតទល់ នឹង០៕