ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ២២ឆ្នាំកម្ពុជាបានបន្តចាញ់នៅប្រកួតទី៤ ជាមួយនឹងជម្រើសជាតិ U22 ឆ្នាំ របស់ទីម័រខាងកើត ដោយលទ្ធផល ១ទល់០ វគ្គជម្រុះក្នុងពូលB កាលពីយប់មិញ នៅទីលានប្រទេស ម៉ាឡេស៊ី នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧។
នៅវគ្គទី១ ក្រុមកម្ពុជា និងទីម័រខាងកើត រក្សាបាននូវលទ្ធផលស្មើគ្នា ០ទល់០ ហើយនៅវគ្គទី២ នៅនាទីទី៦១ កីឡាករទីម័រខាងកើត បានទាត់បញ្ជូលទីលើក្រុមកម្ពុជា ១ទល់០ ដែលជាគ្រាប់បាល់ជ័យជម្នះតែម្ដង បើទោះបីក្រុមគោព្រៃព្យាយាមវាយបកយ៉ាងណាក៏ដោយ។
ការបរាជ័យផ្ទួនៗចំនួន៤ប្រកួតជាប់ៗគ្នា ពោលគឺ៤ប្រកួត ចាញ់ទាំង៤ប្រកួតកន្លងទៅនេះ គឺមិនមានពិន្ទុ រាប់នឹងគេឡើង ដោយលទ្ធផលនេះមិនល្អប្រសើរសោះឡើយ ដែលធ្លាក់ជាងលទ្ធផល កាលពី ស៊ីហ្គេម លើកទី២៨ នៅប្រទេសសឹង្ហបុរី ទៅទៀត។ សម្រាប់៤ប្រកួតរបស់កម្ពុជា ក្នុងពូលB ស៊ីហ្គេម ២០១៧ នៅម៉ាឡេស៊ីលើកនេះ ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំពីគ្រូបង្គោលសញ្ជាតិប្រេស៊ីល លោក Leonardo Vitorino គឺចាញ់ក្រុមហ្វីលីពីន ដោយលទ្ធផល ០ទល់២, ចាញ់វៀតណាម ១ទល់៤, ចាញ់ក្រុមថៃ ០ទល់៣ ហើយបន្តចាញ់ ទីម័រខាងកើត ដោយលទ្ធផល ០ទល់១។ ក្រុមកម្ពុជានៅសល់១ប្រកួតបង្គ្រប់កិច្ចចុងក្រោយមួយទៀត ជាមួយក្រុមឥណ្ឌូណេស៊ី នៅថ្ងៃទី២៤ ខែសីហាខាងមុខ៕