តាមប្រភពកាសែតអ៊ីតាលី Gazzetta dello Sport, អតីតខ្សែបម្រើ Andrea Pirlo អាចនឹងត្រូវបានផ្ដល់ដំណែងជាគ្រូបង្វឹកលើដំបូងក្នុងអាជីពជាមួយក្រុមជម្រើសជាតិអ៊ីតាលីប្រសិនបើ Carlo Ancelotti ឬក៏ Antonio Conte បដិសេធដំណែងនេះ។
មន្ទិលសង្ស័យក្នុងបណ្ដាញសារព័ត៌មានចុងក្រោយនេះ គឺមិនដឹងថានរណាសាកសមកាន់ដំណែងគ្រូបង្វឹក ខណៈលោក Lui Di Biagio បច្ចុប្បន្នគ្រាន់តែជាគ្រូជំនួយបណ្ដោះអាសន្នប៉ុណ្ណោះខណៈដែលគ្រូបង្វឹក២រូបលោក Ancelotti និង Conte ជាបេក្ខជនមានភាគរយខ្ពស់។
តែយ៉ាងណា! គ្រូបង្វឹកទាំងពីរនាក់នេះ ហាក់មិនបង្ហាញចិត្តចង់ដឹកនាំសោះ ហើយពួកគាត់ចង់ដឹកនាំក្លឹប ជាងជម្រើសជាតិ។ របាយការណ៍មកអ៊ីតាលីកាលពីថ្ងៃព្រហស្បតិ៍បានសន្និដ្ឋានថា ដំណែងគ្រូបង្វឹកជម្រើសជាតិដ៏ធំនេះគួរតែផ្ដល់ឲ្យវីរបុរសជម្រើសជាតិអ៊ីតាលីលោក Andrea Pirlo ជាគ្រូបង្វឹក ក្រោយអតីតកីឡាកររូបនេះមានបទពិសោធន៍លេងឲ្យជម្រើសជាតិ១១៦ប្រកួត។
អតីតកីឡាករវ័យ៣៨ឆ្នាំរូបនេះកំពុងនៅទំនេរមិនទាន់មានការងារធ្វើនៅឡើយទេ ក្រោយពេលព្យួរស្បែកជើងបាល់ទាត់កាលពីរដូវកាលមុន។ ការឡើងកាន់ដំណែងគ្រូបង្វឹកអាចសករាជមួយថ្មីរបស់អ៊ីតាលី ព្រោះអតីតកីឡាកររូបនេះប្រជាជនអ៊ីតាលីស្រឡាញ់បំផុត៕