ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ ​បាន​ប្រកួត​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​ឡាវ​ក្នុង​លទ្ធផល​១​ទល់​០​ក្នុង​កីឡដ្ឋាន​ជាតិ​របស់​ឡាវ​ ដោយ​អរគុណ​គ្រាប់​របស់​ខ្សែ​ប្រយុទ្ធ​បម្រុង​លេខ​៩ ឃួន ឡាបូរ៉ាវី ​ដែល​ប្រើ​ក្បាល​សម្រេច​ទី​នៅ​នាទី​៨៦​ក្រោយ​ទទួល​បាន​បាល​ហ្វ្រីឃីក​ពី ​ប្រាក់ មុន្នីឧត្តម។

ក្នុង​ការ​ប្រកួត​ដែល​អាច​និយាយ​បាន​ថា ​ជា​ការ​បំបែក​កំណត់​ត្រា​រយៈ​ពេល​៤៤​ឆ្នាំ​មួយ​នេះ​​ កីឡាករ​វ័យ​ក្មេង ​និង​ទើប​មាន​ឈ្មោះ​ជាប់​ក្នុង​បញ្ជី​ជម្រើស​ជាតិ​ទាំង​អស់​មាន​កីឡាករ​៤​នាក់​ជាប់​ជម្រើស​ដំបូង​១១​នាក់​ដំបូង​បំផុត ​ក្នុង​អាជីព​បាល់​ទាត់​របស់​ពួក​គេហើយ​លេង​ក្នុង​ការ​ប្រកួត​នេះ​ផង​ដែរ។

 ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង ​ម៉ាត់ ណូរុន

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ម៉ាត់ ណូរុន​ បាន​ជាប់​ជម្រើស​ដំបូង​១១​នាក់​ហើយ​លេង​បាន​ជិត​៣០​នាទី​ក្នុង​វគ្គ​ទី​មួយ ​ហើយ​ត្រូវ​ប្ដូរ​ចេញ​ជំនួស​ដោយ​សិស្ស​ច្បង​ កែវ ​សុខផេង។ ចំណែក​ខ្សែ​បម្រើ​កណ្ដាល ​សុខ​ ហ៊ាង ​បាន​ជាង​៣០​នាទី​ក្នុង​វគ្គ​ទី​មួយ​ដែរ​ប្ដូរ​ចូល​ជំនួស​ដោយ​សិស្ស​ច្បង ​ប្រាក់ មុន្នីឧត្តម។

ខ្សែ​បម្រើ​កណ្ដាល ​សុខ​ ហ៊ាង

ចំណែក​កីឡាករ​២​នាក់​របស់​ក្លឹប​ភ្នំពេញ​ក្រោន​គឺ ខ្សែ​បម្រើ​ប្រយុទ្ធ​ស្លាប​ ស៊ិន កក្កដា ​និង​ខ្សែ​ការពារ​ស្លាប​អ៊ុក សុវណ្ណ​លេង​បាន​ពេញ​៤៥​នាទី​ក្នុង​វគ្គ​ទី​១។ ទោះ​បី​ជា​លេង​មិន​បាន​ពេញ​មួយ​ការ​ប្រកួត ​តែ​ពួក​គេ​ជា​សាមាជិក​ថ្មី​ ក្នុង​ជម្រើស​ជាតិ​ដែល​បាន​ចូល​លេង​ក្នុង​ការ​ប្រកួត​ដែល​កម្ពុជា​ឈ្នះ​ជម្រើស​ជាតិ​​ឡាវ​ក្នុង​ទឹក​ដី​ប្រទេស​ឡាវ​ហ្នឹង​ផ្ទាល់​តែ​ម្ដង៕

 ស៊ិន កក្កដាពាក់​អាវលេខ១៦ និង​អ៊ុក សុវណ្ណ​ពាក់​អាវ​៤

រូបភាព​សហព័ន្ធ​កីឡាបាល់​ទាត់កម្ពុជា