ក្តីសង្ឈឹមថ្មីរបស់អត្តពលិកវាយកូនឃ្លីលើតុកម្ពុជាកំពុងតែលិចឡើងជាបណ្តើរៗ ក្នុងការលើកកម្ពស់កម្រិតសមត្ថភាពរបស់ពួកគេ តាមរយៈការលុបបំបាត់វប្បធម៌បក្សពួកនិយម ក្នុងការជ្រើសរើសកីឡាករ កីឡាការិនីចេញទៅប្រកួតលើឆាកអន្តរជាតិ។
ជាក់ស្តែងការប្រកួតព្រឹត្តិការណ៍ The 9th ASEAN School Games នៅប្រទេសសឹង្ហបុរីនេះ កីឡាករ កីឡាការិនីចំនួន ៨នាក់របស់វាយកូនឃ្លីលើតុសុទ្ធសឹងតែត្រូវជ្រើសរើសពីប្រកួតថ្នាក់ជាតិនាពេលកន្លងមក។ នេះបើតាមការអះអាងពី កញ្ញា តៃ លីដា អគ្គលេខាធិសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា នៅក្នុងការហ្វឹកហាត់ កាលពីថ្ងៃទី១២ ម្សិលមិញនេះ។
ការកែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានដាក់ចេញជាយុទ្ធសាស្រ្តក្នុងគោលដៅឈានទៅរក ស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ដោយតម្រូវឲ្យសហព័ន្ធកីឡាជាតិទាំងអស់រៀបចំខ្លួនឲ្យបានល្អ ហើយក្នុងនោះ ការលុបបំបាត់បក្សពួកនិយម ក៏មាននៅក្នុងនោះដែរ។ ដូច្នេះហើយទើបសហព័ន្ធវាយកូនឃ្លីលើតុកម្ពុជា ក្នុងចំណោមសហព័ន្ធកីឡាជាតិទាំងអស់ កំពុងអនុវត្តផែនការនេះដូចគ្នា។
កញ្ញា តៃ លីដា បន្ថែមថា ចាប់ពីពេលនេះតទៅវប្បធម៌បក្សពូកនិយមលេងមានទៀតហើយ នៅក្នុងកីឡាវាយកូនឃ្លីលើតុកម្ពុជា ដោយគោលការទាំងនេះ គឺដើម្បីស្វែងរកកីឡាករ កីឡាការិនីដែលមានសមត្ថភាព ពិតប្រាកដ សម្រាប់ជាតិ នាថ្ងៃអនាគត។ “ដើម្បីកពង្រឹងវិស័យកីឡាវាយកូនឃ្លីលើតុឲ្យកាន់តែរីកចម្រើន យើងត្រូវជម្រើសរើសកីឡាករ-កីឡាការិនីដែលមានសមត្ថភាពពិតប្រាកដ តាមរយៈការប្រកួតថ្នាក់ជាតិ ក៏ដូចជាកម្មវិធីប្រកួតផ្សេងៗ របស់សហព័ន្ធ បើពួកគេជាប់ជាជើងឯក នោះពួកគេគឺមានសិទ្ធិចេញទៅចូលរួមប្រកួតអន្តរជាតិនានា ដោយទុកម្ចាស់ជ័យលាភីចោល ហើយដាក់កីឡាករដែលគ្មានសមត្ថភាពជំនួសវិញនោះឡើយ។ សហព័ន្ធត្រូវតែពង្រឹងវិន័យនេះឲ្យបានល្អ ដើម្បីជ្រើសរើសអត្តពលិកប្រកបដោយគុណភាព សម្ថភាព និងធ្វើឲ្យពួកគេខិតខំតហ្វឹកហាត់ប្រកួតប្រជែងគ្នាដោយពិតប្រាកដ ឈានទៅការរីចម្រើនលើវិស័យកីឡាវាយកូនឃ្លីលើតុកម្ពុជា។ អ្វីជាការរាំងស្ទះដល់ការរីចម្រើនរបស់សហព័ន្ធ ដូចបក្សពួកនិយមនេះ ក្នុងនាមកញ្ញាតំណាងប្រធានសហព័ន្ធព្យាយាមលុបបំបាត់អំពើនេះមិនឲ្យកើតមានក្នុងសហព័ន្ធទៀតឡើយ”៕