ក្ដីសង្ឃឹមបានចូលលេងមិត្តភាពឲ្យជម្រើសជាតិអង់គ្លេសលើកដំបូង ក្រោយខកខានតាំងពី Euro 2016 របស់ខ្សែបម្រើក្រុមកាំភ្លើងធំ Arsenal កីឡាករ Jack Wilshare ត្រូវរលាយដូចក្រមួនត្រូវថ្ងៃ ក្រោយប៉ះទង្គិចត្រង់ជង្គង់ពេលកំពុងហ្វឹកហាត់ជាមួយមិត្តរួមក្រុម។
មូលហេតុនេះបានធ្វើឲ្យខ្សែបម្រើក្រុមកាំភ្លើងធំ Arsenal មិនបានជិះយន្តហោះទៅទីក្រុងអាំស្ទែដាំ ជាមួយក្រុមរបស់លោក Gareth Southgate ប្រកួតមិត្តភាពជាមួយជម្រើសជាតិហូឡង់ក្នុងលក្ខណៈមិត្តភាពមុនការប្រកួតWorld Cup 2018នៅប្រទេសរុស្សីនោះឡើយ។
កីឡាករវ័យ២៦ឆ្នាំសង្ឃឹមថា នឹងបានបង្ហាញខ្លួនលើកទី៣៥ឲ្យជម្រើសជាតិតោបីអង់គ្លេស ក្រោយខកខានបានលេងបន្ទាប់ពីអង់គ្លេសចាញ់ក្រុមជម្រើសជាតិអ៊ីស្លង់ក្នុង Euro 2016ហើយក្ដីសង្ឃឹមគ្រប់យ៉ាងត្រូវចប់។ គេមិនដឹងថារបួសនេះនឹងជានៅពេលណានោះទេ ខណៈ World Cup នៅសល់តែជាង៣ខែទៀតប៉ុណ្ណោះ ចំណែកឯក្រុមកាំភ្លើងធំក៏ស្ថិតក្នុងតំបន់យ៉ាប់ផងដែរ៕