ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នឹង​ត្រូវ​ជួប​ក្រុម​ជម្រើស​ជាតិ​ឡាវ ​ក្នុង​លក្ខណៈ​​មិត្តភាព​អន្តរជាតិ​នៃ​កីឡដ្ឋាន​ជាតិ​ឡាវ​ នៅ​វេលា​ម៉ោង​៦​និង​០០​នាទី​ល្ងាច​នេះ ​​ខណៈ​លោក​ប្រាក់​ សុវណ្ណរ៉ា​បាន​នាំ​កីឡាករ​ជម្រើស​ជាតិ​២៣​នាក់​ត្រៀម​មិត្ត​ភាព​ ​និង​ប្រកួត​វគ្គ​ជម្រុះ​ AFC Asian Cup 2019 ជាមួយ​អាហ្វហ្គានីស្ថាន។

ក្នុង​ចំណោម​កីឡាករ​ទាំង​២៣​នាក់ ​ដែល​ជ្រើសរើស​បាន​ហើយ​មាន​កីឡាករ​វ័យក្មេង​ជាប់​លើក​ដំបូង​ខ្លះ និង​ខ្លះ​ទៀត​មាន​បទ​ពិសោធន៍​ជោកជាំ​ក្នុង​ជម្រើស​ជាតិ​យូរ​មក​ហើយ។ ការ​ប្រកួត​នេះ​ក្រុម​កម្ពុជា​នឹង​ត្រូវ​ការ​ឈ្នះ​ ដើម្បី​ស្វាគមន៍​ឆ្នាំ​២០១៨​ពី​ព្រោះ​វា​ជា​ការ​ប្រកួត​ដំបូង​គេ​បំ​ផុត​សម្រាប់​ឆ្នាំ​នេះ។

គេ​មិន​ទាន់​ដឹង​ថា​តើ​ក្នុង​ការ​ជួប​ជាមួយ​ឡាវ​នេះ ​​គ្រូ​បង្វឹក​កម្ពុជា​ជ្រើសរើស​កីឡាករ​១១​នាក់​ដំបូង​ដោយ​យក​កីឡាករ​ណា​នោះ​ទេ​ តែ​គេហទំព័រ​អាណាចក្រ​កីឡា​សូម​ជ្រើសរើស​កីឡាករ​១១​នាក់​ជា​ការ​ទស្សន៍ទាយ​ដល់​ប្រិយមិត្ត​បញ្ចេញ​មតិ​យោបល់ ​មុន​ពេល​ជម្រើស​ដំបូង​១១​នាក់​ផ្លូវ​ការ​។

-អ្នក​ចាំ​ទី​៖ កែវ​ សុខសិលា(វិសាខា)


ពិត​ណាស់​!​ការ​ផ្ដល់​ឱកាស​ឲ្យ​កីឡាករ​វ័យ​ក្មេង​ក្នុង​ការ​ប្រកួត​មិត្តភាព​បែប​នេះ ​ពិត​ជា​ល្អ​ ហើយ​កែវ  ​សុខសិលា ​នឹង​អាច​ក្លាយ​ជា​អ្នក​សង្គ្រោះ​បាល់​មុខ​ទី​ជំនួស​សិស្ស​ច្បង​ ស៊ូ យ៉ាទី​ ដែល​មាន​បទ​ពិសោធន៍​ជោកជាំ​ទៅ​ហើយ​នោះ។

ខ្សែ​ការពារ​ស្លាប​ឆ្វេង សឿត បារាំង ​(ភ្នំពេញ​ក្រោន) ខ្សែ​ការពារ​កណ្ដាល​​ហុង​ ផេង ​(បឹង​កេត) សឿយ​ វិសាល ​(ព្រះខ័នរាជ​ស្វាយរៀង) ការពារ​ស្លាប​ស្ដាំ​​ រស់ ​សំអឿន​(វិសាខា)

ចូល​លេង​ជម្រើស​ដំបូង​១១​នាក់​ឲ្យ​ក្លឹប​ភ្នំពេញ​ក្រោន​ក្នុង ​Metfone Cambodian League រក្សា ​Clean-Sheet​ គឺ​ជា​ការ​រំពឹង​ទុក​មួយ​ដ៏​ល្អ​ ខណៈ​សឿត បារាំង​ក៏​ធ្លាប់​មាន​បទ​ពិសោធន៍​ក្នុង​បង្ហាញ​ខ្លួន​ឲ្យ​ឈុត​ធំ​ផង​ដែរ។ ហុង ផេង​ទើប​ជា​ពី​របួស​ហើយ​ទើប​បាន​លេង​ក្នុង​រដូវ​កាល​ថ្មី​នេះ​ ដោយ​ជួយ​បឹង​កេត​ឈរ​កំពូល​តារាង​លីក​កំពូល​កម្ពុជា​ តែ​យ៉ាង​ណា​រូប​គេ​អាច​នឹង​ជាប់​ជម្រើស​ដំបូង​១១​នាក់​ឡើង​វិញ​ក្រោយ​ខកខាន​ជាង​មួយ​ឆ្នាំ។

សឿយ​ វិសាល​ តែង​តែង​ជាប់​ជម្រើស​ដំបូង​១១​នាក់​ក្នុង​ក្រុម​ជម្រើស​ជាតិ​ជា​រឿយ​ៗនា​ពេល​កន្លង​មក ​ហើយ​រូប​គេ​តែង​តែ​ធ្វើ​បាន​ល្អ​។ ចំណែក​ការពារ​ស្លាប​ស្ដាំ​​រស់​ សំអឿន​ នៅ​តែ​ជា​តារា​សំខាន់​ក្នុង​តំបន់​នេះ។ ការ​បង្ហាញ​ទម្រង់​លេង​ឲ្យ​ក្លឹប​វិសាខា​ឡើង​ជើង​​ក្នុង​រដូវ​កាល​នេះ​ ជា​មូលហេតុ​មួយ​ធ្វើ​ឲ្យ​ប្រាក់ សុវណ្ណារ៉ា​ដាក់​១១​នាក់​ដំបូង។

បម្រើ៖ ប៊ីន ចន្ថាជារី សុះ ស៊ូហាណា​ អន ចាន់ប៉ូលីន

ទៅ​លេង​នៅ​ក្លឹប​ Terengganu FA របស់​ម៉ាឡេស៊ី ចន្ថាប៊ីន​ តែងតែ​ចាប់​ជម្រើស​ដំបូង​១១​នាក់​រហូត​ ហើយ​ក៏​លេង​ពេញ​៩០​នាទី​រហូត​ផង​ដែរ។ ជំនាញ​លើក​បាល់​ហ្វ្រីឃីក ចុះ​មក​តំបន់​ការពារ​លឿន គឺ​គុណសម្បត្តិ​ក្នុង​ការ​ជាប់​ជម្រើស​ដំបូង។

សុះ ស៊ូហាណា​ ជា​ខ្សែ​បម្រើ​ដែល​លេង​ក្នុង​ជម្រើស​ជាតិ​យូរ​គួរសម​ ហើយ​រូប​គេ​តែងតែ​ធ្វើ​បាន​ល្អ​នា​ពេល​កន្លង​មក​ទាំង​ក្នុង​ក្លឹប​និង​ជម្រើស​ជាតិ។​

សម្រាប់​​ អ៊ន ចាន់ប៉ូលីន ​វិញ​ហាក់​ធ្វើ​ឲ្យ​ប្រិយមិត្ត​ភ្ញាក់​ផ្អើល​បន្តិច ​ក្រោយ​ជាប់​ជម្រើស​ទស្សន៍ទាយ​របស់​អាណាចក្រកីឡា។ កុំភ្លេច​ថា​ក្នុង​ការ​ប្រកួត​លីក​៣​លើក​កន្លង​មក ​រូប​គេ​បំពេញ​តួនាទី​បាន​ល្អ​បំផុត​ក្នុង​តំបន់​បម្រើ​កណ្ដាល​របស់​ក្រោន ហើយ​វា​អាច​ជា​ឱកាស​បង្ហាញ​សមត្ថភាព​ក្នុង​ឈុត​ធំ​លើក​ដំបូង​ផង​សម្រាប់​កីឡាករ​វ័យ​១៩​ឆ្នាំ​រូប​នេះ។

តំបន់​ប្រយុទ្ធ៖ កែវ ​សុខផេង ចាន់ ឌ្ឍនាកា ​និង​ប្រាក់ មុន្នីឧត្តម

លោក​ប្រាក់ សុណ្ណារ៉ា ​ធ្លាប់​បាន​និយាយ​ថា​ការ​ប្រកួត​ផ្ដោត​សំខាន់​ទៅ​លើ​លទ្ធផល​ហើយ​​ ដើម្បី​បាន​លទ្ធផល​ល្អ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​។ ​ការ​ទទួល​បាន​បទពិសោធន៍​ថ្មី​ពី​លីក​កំពូល​ម៉ាឡេស៊ី​ធ្វើ​ឲ្យ​ពួក​គេ​ទាំង​បី​នឹង​ជាប់​ជម្រើស​ដំបូង​ក្នុង​តំបន់​ប្រយុទ្ធ។

សូម​បញ្ជាក់​ផង​ដែរ​ថា​៖ នេះ​គ្រាន់​តែ​ជា​ការ​ជ្រើសរើស​របស់​គេហទំព័រ​អាណាចក្រ​កីឡា​តែ​ប៉ុណ្ណោះ​ វា​មិន​មែន​ជា​ជម្រើស​ផ្លូវ​ការ​នោះ​ទេ។​សម្រាប់​ប្រិយមិត្ត​វិញ​នរណា​សម​ជាប់​ជម្រើស​ដំបូង​១១​នាក់​ពេល​លេង​ទល់​នឹង​ឡាវ?