គ្រូ​បង្វឹក​ក្រុម​កាំភ្លើង​ធំ ​Arsenal លោក Arsene Wenger នឹង​ប្ដូរ​មក​ធ្វើ​កិច្ច​ព្រមព្រៀង​ជាមួយ​ខ្សែ​ប្រយុទ្ធ​ Man Utd កីឡាករ Anthony Martial ប្រសិន​បើ​គាត់​មិន​អាច​ទិញ​យក​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ Kylian Mbappe ពី ​Monaco បាន​ទេ​នោះ​។

ប្រភព Daily Mail បាន​និយាយ​ថា​ Wenger ជួប​បញ្ហា​ខ្លាំង​ក្នុង​ការ​ព្យាយាម​ចុះ​កុង​ត្រា​យក​កីឡាករ​វ័យ​១៨​ឆ្នាំ​របស់ ​Monaco ដោយ​សារ​ត្រូវ​ប្រជែង​ជាមួយ​​ក្លឹប​យក្ស​ចាយ​លុយ​ធំ ​Real Madrid ។ ​ប៉ុន្តែ​ប្រសិន​បើ​ការ​ដេញ​ថ្លៃ​នេះ​មិន​ជោគជ័យ​ គ្រូ​បង្វឹក​វ័យ​ចាស់​រូប​នេះ​ នឹង​បង្វែរ​មក​អន្ទង​ខ្សែ​ប្រយុទ្ធ​របស់​ Man Utd កីឡាករ​ Martial​ហើយ​បាន​ត្រៀម​លុយ​រួច​ជា​ស្រេច​ក្នុង​ចំនួន​៤០​លាន​ផោន។

ដោយ​សារ​ការ​មិន​សូវ​ស៊ី​ខ្សែ​គ្នា​រវាង ​Jose និង ​Mourinho ការ​ចរចា​ទិញ​យក​ខ្សែ​ប្រយុទ្ធ​បារាំង​ខាង​លើ​ប្រហែល​ជា​នៅ​តែ​យ៉ាប់​។ Martial ហាក់​មិន​បាន​បង្ហាញ​ទម្រង់​លេង​(Performance) ទាក់​ចិត្ត​គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​នៅ​ឡើយ​ទេ​ ​ដែល​គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ មក​ដឹកនាំ​ក្នុង​រដូវ​កាល​ដំបូង​។

Anthony Martial ត្រូវ​​បាន ​Man Utd ទិញ​ពី​ Monaco ក្នុង​តម្លៃ​៤៦.២​លាន​ផោន​កាល​ពី​២​ឆ្នាំ​មុន ​ហើយ​ទើប​បាន​ចូល​លេង​ជម្រើស​ដំបូង​ត្រឹម​១៨​ប្រកួត​ប៉ុណ្ណោះ។ កីឡាករ​វ័យ​២១​ឆ្នាំ​ក៏​ត្រូវ​បាន​មើល​រំលង​ពី​សំណាក់​គ្រូ​បង្វឹក​ជម្រើស​ជាតិ​បារាំង​លោក Didier Deschamps ហើយ​កៅអី​ជម្រើស​ជាតិ​ក្នុង​ព្រឹត្តិការណ៍​ World Cup ឆ្នាំ​ក្រោយ​ក៏​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់​ដែរ៕

ប្រភព៖ ​Metro