Mohamed Salah មិនបានស៊ុតបញ្ចូលទីក្រុមបិសាចក្រហមនៅឡើយទេ ក្នុងរដូវកាលនេះ ប៉ុន្តែរូបគេសង្ឃឹមថា នៅយប់ថ្ងៃសៅរ៍នេះ អាចអាចធ្វើបាន ពេលក្រុមលោក Jose Mourinho ជួបគ្នាជាមួយក្រុមលោក Jurgen Kloppនៅ Old Trafford។
កាលប្រកួតជុំទី១ក្រុមទាំងពីរបញ្ចប់ដោយលទ្ធផលយកពងមាន់មួយគ្រាប់ម្នាក់ទៅផ្ទះរៀងៗខ្លួន ខណៈដែលគ្រូបង្វឹកបិសាចក្រហមយកឡានក្រុងមកឃាំងកុំឲ្យក្រុមខ្សែប្រយុទ្ធ Liverpool បំបែកសំបុកមាន់របស់គាត់បាន។ ខណៈពេលដែលប្រព័ន្ធប្រយុទ្ធរបស់ Man Utd ហាក់មិនសូវរកបានគ្រាប់បាល់បានច្រើន ស្របពេល Salah កំពុងតែប៉ះមុតៗនោះ ការជួបគ្នាជើងទី២នេះ ហាក់មិនអាចសន្និដ្ឋានច្បាស់នោះទេ។ ២៨ប្រកួតកន្លងមករូបគេរកបាន២៤គ្រាប់ហើយក្លឹបធំៗដូចជា Manchester City, Chelsea, Arsenal…. សុទ្ធតែជាជនរងគ្រោះរបស់កីឡាករជម្រើសជាតិអេហ្ស៊ីបទាំងអស់។
អញ្ចឹងក៏ដោយ Salah មិនទាន់បានស៊ុតបញ្ចូលទី Man Utd នោះទេ ដែលនេះហើយទើបរូបគេសង្ឃឹមថាអាចទម្លុះឡានក្រុងបំបែកពងមាន់បាន។
“ មុនការប្រកួតអ្នកត្រូវតែរៀបចំខ្លួនឲ្យហើយៗអ្នកត្រូវស្វែងរកចំណុចខ្សោយ របស់កីឡាករឬអ្នកចាំទី ហើយព្យាយាមបំបែកតំបន់ការពារ និងស៊ុតបញ្ចូលទីឬក៏ធ្វើអ្វីក៏ដោយឲ្យតែបាល់ចូលទី”។
“ប៉ុន្តែយើងដឹងថាយើងកំពុងលេងជាមួយ Manchester United និង Devid De Gea ។ គាត់ជាកីឡាករដ៏អស្ចារ្យម្នាក់ហើយពួកគេជាក្រុមតែមួយគាត់ក្នុងចំណោម Top 6ដែលខ្ញុំមិនទាន់បានស៊ុតបញ្ចូលទីក្នុងរដូវកាលនេះ។ដូច្នេះខ្ញុំនឹងព្យាយាម”។
“ខ្ញុំនឹងព្យាយាមស្វែងរកកន្លែងទាត់បញ្ចូលទី គ្រប់ការប្រកួតដែលខ្ញុំលេង។ ខ្ញុំគិតរួចហើយអំពីវាហើយ ខ្ញុំពិតភ្ញាក់ផ្អើលជាមួយការប្រកួតនេះពីព្រោះមានតែក្រុមមួយក្នុងតំបន់ Top 6 ដែលខ្ញុំមិនទាន់បានស៊ុតបញ្ចូលទី។ មានតែ Manchester United មួយគត់”៕