SportOptions ជាក្រុមហ៊ុនធ្វើដំណើរមួយដែលរៀបចំការដឹកជញ្ជូនក្រុមអ្នកគាំទ្រក្លឹប Arsenal រាល់ការប្រកួតក្រៅដីទាំងអស់នោះបានឆាចោលគម្រោង ធ្វើដំណើរទៅកាន់ទីក្រុង Milan ប្រទេសអ៊ីតាលីអំឡុងពេលក្រុមកាំភ្លើងធំត្រូវជួប AC Milan ក្នុងពាន Europa League វគ្គ១៦ក្រុមចុងក្រោយដោយសារមិនមានអ្នកទិញសំបុត្រ។
ក្រុមហ៊ុនមួយនេះមានរត់ការធ្វើដំណើរនៃការប្រកួតក្រៅដីរបស់ក្រុមលោក Wenger ជាង២០ឆ្នាំទៅហើយហើយថ្មីៗនេះមានអ្នកគាំទ្រ Arsenal ត្រឹមតែ១៥០នាក់ប៉ុណ្ណោះដែលទិញសំបុត្ររបស់ក្រុមហ៊ុនធ្វើដំណើរទៅមើល Arsenal ប្រកួតជាមួយ Ostersunds។
អញ្ចឹងក៏ដោយក្រុមហ៊ុនមិនបានទទួលការកក់សំបុត្រល្មមគ្រប់គ្រាន់សម្រាប់ធ្វើដំណើរទៅ Milan នោះទេខណៈការប្រកួតនឹងត្រូវធ្វើនៅថ្ងៃព្រហស្បតិ៍។ ក្លឹបមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដុងនឹងត្រូវជួប AC Milan នៅវគ្គ១៦ក្រុមចុងក្រោយពាន Europa League ស្របពេលក្លឹបស្ថិតក្នុងវិបត្តិ។ ក្រុមរបស់លោក Arsene Wenger បានចាញ់៤ប្រកួតជាប់គ្នាហើយការប៉ះអតីតក្រុមជោគជ័យបំផុតទី២នៅអឺរ៉ុបគឺរឿងដ៏ពិបាកមួយ។
ប្រធានក្រុមហ៊ុន SportOptions លោក Miles Saward បានបង្ហើបថាការធ្លាក់ចុះទម្រង់លេងរបស់ក្រុមកាលពីថ្មីៗនេះគឺជាកត្តាមិនមានអ្នកធ្វើដំណើរគ្រប់គ្រាន់ទេហើយលោកបានសង្កត់ធ្ងន់ថាការប្រកួតញឹកញាប់ពេករបស់ក្រុម Arsenal កាលពីប៉ុន្មានថ្ងៃមុននេះធ្វើឲ្យអ្នកគាំទ្រនិងភ្ញៀវមិនសូវមានការចាប់អារម្មណ៍៕