អាជ្ញាកណ្ដាលដឹកនាំការប្រកួតម្នាក់ និងអាជ្ញាកណ្ដាលខ្សែបន្ទាត់ម្នាក់ ត្រូវបានពិន័យពីបទកាត់ក្ដីមិនសមហេតុផល និងគុណភាពអន់ពេកដែលបានឲ្យក្រុម Pahang យកឈ្នះ Selangor ៣ទល់១កាលពីសប្ដាហ៍មុនក្នុង Malaysia Super League ក្នុងទីក្រុង Cheras។
ពេលនេះអ្នកទាំងពីរត្រូវពិន័យមិនឲ្យកាត់ក្ដីការប្រកួតណាមួយឡើយ ក្នុងរយៈពេល១៤ថ្ងៃដោយសារតែកាត់ក្ដីអន់ខ្លាំងពេក។ អគ្គលេខាធិការសហព័ន្ធបាល់ទាត់ម៉ាឡេស៊ីលោក Subkhiddin Salleh បាននិយាយថាការទាត់បាល់ពិន័យហ្វ្រីឃីគ គួរតែបានផ្ដល់ឲ្យ ហើយមិនមែនជាការទាត់បាល់ពិន័យ១១ម៉ែត្រនោះទេ ខណៈដែលកំហុសស្ថិតនៅក្រៅតំបន់ខ្សែបន្ទាត់គ្រោះថ្នាក់របស់ក្រុម Selangor។
តាមរយៈវីដេអូឃ្លិបបង្ហាញថា ខ្សែការពារ Willian Pacheco របស់ Selangor ធ្វើឲ្យប៉ះដៃនៅក្រៅតំបន់ខ្សែបន្ទាត់ ហើយអាជ្ញាកណ្ដាលបានពិន័យក្នុងតំបន់គ្រោះថ្នាក់ ធ្វើឲ្យខ្សែប្រយុទ្ធ Francis Forkey Doe រកបានគ្រាប់ទី៣ឲ្យ Pahang។
“ គណៈកម្មការយើងបានសិក្សាទៅលើរបាយការណ៍ប្រកួតនិងវីដេអូក្នុងហេតុការណ៍នេះ។ ខាង Selangor ក៏មិនបានដាក់ពាក្យបណ្ដឹងជំទាស់ភ្លាមលើករណីនេះដែរហើយយើងក៏បានមើលវីដេអូពេញ៩០នាទីនៃការប្រកួតហើយយើងឃើញថាអាជ្ញាកណ្ដាលពិតជាធ្វើការមិនបានល្អទាល់តែសោះ”។
[youtube id=”R2Kw7ozDWcw”]
“ស្ដង់ដារអាជ្ញាកណ្ដាលនៅអន់ពេកមិនសមនឹងកាតក្ដីការប្រកួតលីក និងមិនទាន់ធ្វើបានតាមការចង់បាន”។
Subkhiddin Salleh បានបន្តថាអាជ្ញាកណ្ដាលទាំងពីរត្រូវពិន័យ២សប្ដាហ៍ សម្រាប់ការគាត់ក្ដីដ៏អន់បំផុត៕