ភ្នាក់ងារកីឡាករដ៏ល្បីល្បាញលោក Mino Raiola បានទម្លាយថាខ្សែប្រយុទ្ធក្លឹប Nice កីឡាករ Mario Balotelli អាចនឹងត្រឡប់ទៅលេងនៅអង់គ្លេស ឬក៏អ៊ីតាលីវិញ។
Raiola បានបន្តទៀតថា Mario Balotelli មានតម្លៃ១០០លានអឺរ៉ូ ហើយជិតនឹងផ្ទេរទៅលេងនៅអ៊ីតាលីឬក៏អង់គ្លេសវិញហើយ។ កីឡាករវ័យ២៧ឆ្នាំនឹងផុតកុងត្រាជាមួយ Nice ពេលចប់រដូវកាល ក្រោយរកបាន២១គ្រាប់ក្នុង២៩ប្រកួតគ្រប់កម្មវិធីប្រកួតឲ្យក្លឹប។
ភ្នាក់ងារដ៏មានឥទ្ធិពលរូបនេះ បាននិយាយថាមានក្លឹប២ទៅ៣ដែលបានចាប់អារម្មណ៍ Balotelli ហើយបើទោះជាយ៉ាងនេះក្ដី គាត់បដិសេធពីការត្រឡប់ទៅលេងនៅ AC Milan វិញរបស់កីឡាករលេងឲ្យជម្រើសជាតិអ៊ីតាលីបាន៣៣ដងរូបនេះ។
“Mario ត្រៀមខ្លួនត្រឡប់ទៅលេងនៅអ៊ីតាលីវិញហើយគាត់ជាខ្សែប្រយុទ្ធល្អបំផុតម្នាក់ ក្នុងចំណោមកីឡាករល្អបំផុតលើពិភពលោក១០នាក់ ហើយជាកីឡាករលេខមួយរបស់អ៊ីតាលី” Raiola និយាយក្នុងកាសែត RAI។
“ គាត់មានតម្លៃ១០០លានអឺរ៉ូ ប៉ុន្តែជាកីឡាករគ្មានតម្លៃខ្លួន ដូច្នេះហើយបើចង់បាន អាចចរចាបាន។ ខ្ញុំបានពិភាក្សាជាមួយក្លឹបមួយចំនួននៅអង់គ្លេស និងអ៊ីតាលី។ ខ្ញុំបាននិយាយជាមួយ Juventus, Roma, Napoli, Inter។ AC Milan? ទេ! ពីព្រោះមាន Mirabelli ហើយនឹងខ្ញុំមិនអាចនិយាយជាមួយគាត់បានទេ។ខ្ញុំគ្មានអំណាចអីនិយាយជាមួយគាត់ទេ”។
មុនលេងនៅ Nice កីឡាករវ័យ២៧ឆ្នាំរូបនេះធ្លាប់លេងនៅ Inter, Milan ក្នុងក្របខ័ណ្ឌ Serie A និង Man City, Liverpool ក្នុងក្របខ័ណ្ឌ Premier League៕