ខ្សែ​ការពារ​ដែល​ជា​ប្រធាន​ក្រុម​ Chelsea ​និង​ជម្រើស​ជាតិ​អង់គ្លេស​ Gary Cahill ​កំពុង​ប្រឈម​និង​ការ​បាត់បង់​កៅអី​របស់​​ខ្លួន​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ដែល​ត្រូវ​លេង​ World Cup​នៅ​រុស្សី​ ដោយសារ​តែ​បង្ហាញ​ទម្រង់​លេង​មិន​បាន​ល្អ​ជាមួយ​ក្លឹប។

សារព័ត៌មាន​Times ​បាន​ចុះ​ផ្សាយ​ថា​ អ្នក​ចាត់​ការ​ក្រុម​តោ​កំណាច​អង់គ្លេស​គឺ​លោក​ Gareth Southgate ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​កីឡាករ​សំខាន់​របស់​ខ្លួន​ម្នាក់​នេះ​ ដោយសារ​ក្នុង​រដូវ​កាល​នេះ​ រូប​គេ​លេង​ពុំ​សូវ​បាន​ល្អ​ និង​ បង្ក​អោយ​មាន​កំហុស​ជា​ច្រើន​ដង​ក្នុង​ការ​ការពារ​នៅ​មុខ​ទី​ដែល​បណ្ដាល​អោយ​ក្រុម​តោខៀវ​មាន​ចន្លោះ​ប្រហោង​ និង​បាត់បង់​ពិន្ទុ​ជា​ញឹកញាប់​។

ក្នុង​ការ​ប្រកួត ​Champion League ជាមួយ Barcelona​ កាល​ពី​ពេល​ថ្មី​ៗ​នេះ ​Cahill ​ត្រូវ​លោក ​Conte ​ដាក់​អោយ​អង្គុយ​បម្រុង​ និង​ពុំ​ត្រូវ​បាន​ប្ដូរ​ចូល​នោះ​ទេ​ ដោយសារ​ពុំ​ទុក​ចិត្ត​លើ​សមត្ថភាព​របស់​គេ។ ទោះ​បី​មិន​សូវ​ជោគជ័យ​ជាមួយ​ក្លឹប​ តែ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Southgate , Cahill បាន​បង្ហាញ​ខ្លួន​គ្រប់​ការ​ប្រកួត​ទាំង​អស់ ​អោយ​ក្រុម​ជម្រើស​ជាតិ​សរុប​ចំនួន​៧​ដង​ ហើយ​បាន​ធ្វើ​ជា​ប្រធាន​ក្រុម​កាល​ពី​លេង​មិត្តភាព​ជាមួយ​អាល្លឺម៉ង់​ថែម​ទៀត​។

សម្រាប់​កីឡាករ​វ័យ​៣២​ឆ្នាំ​រូប​នេះ ​ការ​បង្ហាញ​ខ្លួន​នៅ ​World Cup លើក​នេះ​នឹង​ក្លាយ​ជា​ឱកាស​លើក​ចុងក្រោយ​ដើម្បី​កសាង​សមិទ្ធផល​ណា​មួយ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ ទោះ​បី​ជា​ក្រុម​អង់គ្លេស​មាន​ភាគរយ​តិច​ក្នុង​ការ​លើក​ពាន​ក៏​ដោយ៕


90min.com