អតីត​គ្រូ​បង្វឹក​បិសាចក្រហម ​Manchester United ​លោក Luis van Gaal នៅ​តែ​បន្ត​បង្ក​សង្គ្រាម​ពាក្យ​សម្ដី​ ជាមួយ​នឹង​អតីត​ក្លឹប​របស់​គាត់​ ដោយ​លោក​រិះគន់​ទង្វើ​គ្រាប់​យ៉ាង​ដែល​ក្លឹប​បច្ចុប្បន្ន​ធ្វើ​ដាក់​ Daley Blind ហើយ​លោក​បាន​ប្រាប់​កីឡាករ​ ថា​គួរ​តែ​ផ្ទេរ​ទៅ​លេង​នៅ ​Barcelona វិញ​ល្អ​ជាង។

កាល​ពី​មុន​គ្រូ​បង្វឹក​សញ្ជាតិ​ហូឡង់ ​ដែល​បាន​ចាក​ចេញ​កាល​ពី​ឆ្នាំ​២០១៦​បាន​រិះគន់​ទម្រង់​លេង​របស់ ​Manchester United ថា​ប្រើទម្រង់​លេង​បែប​ការពារ​គួរ​ឲ្យ​ធុញ​ទ្រាន់។ មក​ដល់​ពេល​នេះ​លោក​បាន​ ផ្ដល់​យោបល់​ឲ្យ​អតីត​កូន​ក្រុម​របស់​លោក Daley Blind ឲ្យ​ពិចារណា​ចាក​ចេញ​ពី ​Man Utd វិញ។

និយាយ​ពី​សាមី​ខ្លួន​កីឡាករ​វិញ​ទើប​តែ​បាន​លេង​ក្នុង​ជម្រើស​ដំបូង​៣​ដង​ប៉ុណ្ណោះ​ក្នុង​រដូវ​កាល​នេះ​ ហើយ​៨​ប្រកួត​ចុង​ក្រោយ​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​ត្រូវ​លេង​របស់​លោក Jose Mourinho ផង​ទេ។ អតីត​គ្រូ​បង្វឹក Bayern Munich គឺ​ជា​អ្នក​គាំទ្រ Blind ដ៏​ងប់ងល់ ​ហើយ​គាត់​នេះ​ហើយ​ដែល​បាន​ទិញ​ខ្សែ​ការពារ​ស្លាប់​រូប​នេះ ​ក្នុង​តម្លៃ​១៣.៨​លាន​ផោន​កាល​ពី​ឆ្នាំ ២០១៤​។

មួយ​រយៈ​កាល​ចុង​ក្រោយ​រូប​គេ​ក៏​មាន​ព័ត៌មាន​ថា ​Barcelona ចង់​បាន​ក្នុង​រដូវ​កាល​ដោះដូរ​កីឡាករ​ខាង​មុខ​នេះ​ដែរ។​ដូច្នេះ​ហើយ​បាន​ជា Van Gaal គ្មាន​មន្ទិល​ណា​មួយ​ដែល​ថា ​មិន​ឲ្យ​កីឡាករ​វ័យ​២៧​ឆ្នាំ​ចាក​ចេញ​នោះ​ទេ។

“Daley Blind នឹង​ប្រសើរ​ជាង​នេះ​បើ​ទៅ​លេង​នៅ ​Barcelona ជា​ជាង​បន្ត​នៅ ​Man Utd ។ពេល​ខ្លះ​គាត់​គ្មាន​ឈ្មោះ​ សូម្បី​តែ​បម្រុង​ Daley អាច​លេង​លើស​ពី​មួយ​តំណែង ហើយ​នៅ​ Barcelona គាត់​នឹង​ជោគជ័យ”។ Van Gaal និយាយ​ក្នុង​កាសែត​Mirror។

“ខ្ញុំ​គិត​ថា ​Daley នឹង​សាកសម​របស់​ Barcelona​ ជាង​។ កម្រិត​របស់​គាត់​ និង​ស្ដាយ៍​លេង​របស់​គាត់​ សាក​សម​នៅ​អេស្ប៉ាញ​ជា​ជាង​នៅ​អង់គ្លេស។​ គាត់​អាច​លេង​ក្នុង​ដំណែង​ការពារ​កណ្ដាល​​ ឡើង​មក​បម្រើ​ការពារ​ ហើយ​ប្រយុទ្ធ​ក្នុង​ដំណែង​ស្លាប​ឆ្វេង។​ Daley អាច​ធ្វើ​បាន​ទាំង​អស់”៕