លេង២៤ប្រកួតក្នុង La liga ក្លឹបជើងខ្លាំងរបស់អេស្ប៉ាញ Atletico Madrid របូតគ្រាប់បាល់តែ៩គ្រាប់ប៉ុណ្ណោះ។ ស្ថិតិនេះបានធ្វើឲ្យពួកគេក្លាយជាក្លឹបមានប្រព័ន្ធការពាររឹងមាំជាងគេបំផុត ក្នុងលីកកំពូលទាំង៥នៅអឺរ៉ុប (Premier League, La liga, Bundesliga, Serie A, Ligue 1) ខណៈក្លឹបដទៃទៀតរបូតគ្រាប់បាល់លើសពី១០គ្រាប់ ហើយអ្នកចាំទី Jan Oblak ក្លាយជាបេក្ខភាពមានភាគរយខ្ពស់ឈ្នះពាន Zamora award (ពានស្រោមដៃមាសរបស់អេស្ប៉ាញ)។
បើនិយាយពីប្រព័ន្ធការពាររបស់ក្លឹបគូប្រជែង Barcelona វិញ ក្រុមរបស់លោក Ernesto Valverde របូតគ្រាប់បាល់១១គ្រាប់ក្នុងលីករដូវកាលនេះ ចំពេលដែល Ter Stegen ឡើងថ្វីដៃខ្លាំងមែនទែន។ អញ្ចឹងក៏ដោយ Barca នៅមានប្រព័ន្ធការពារអន់ជាងក្រុមលោក Diego Simeone ទេ។
ចំណែកក្រុមបន្ទាប់គឺមកពីក្របខ័ណ្ឌ Serie A គឺ Juventus និង Napoli។ ក្រុមមកអ៊ីតាលីទាំងពីរ គឺជាគូរប្រជែងពានស្លាប់រសក្នុងរដូវកាលនេះ ដោយរបូតគ្រាប់បាល់១៥គ្រាប់ដូចគ្នា ហើយពួកគេទាំងពីរកំពុងប្រទាញប្រទង់គ្នាដណ្ដើមពានលីកកំពូលអ៊ីតាលី។
និយាយក្នុងពាន Bundesliga វិញ Bayern Munich របូតត្រឹមតែ១៩គ្រាប់ប៉ុណ្ណោះ ធ្វើឲ្យពួកគេមានគ្រាប់របូតស្មើគ្នាជាមួយក្រុមបារាំង Paris Saint-Germainដែលរបូតតិចជាងគេនៅ Ligue 1។ និយាយពី Premier League បិសាចក្រហមManchester United របូតតិចជាងគេ ទោះបីជាតាមពីក្រោយក្រុមគូប្រជែងរួមទីក្រុង Man City ១៦ពិន្ទុក្ដី។ ស្ថិតិនេះត្រូវអរគុណដល់ទម្រង់លេងចតឡានក្រុងរបស់លោក Jose Mourinhoផងដែរ។
សរុបសេចក្ដី! Atletico Madrid គឺជាក្រុមដែលមានខែលការពាររឹងមាំជាងគេបំផុតក្នុងលីកកំពូលទាំង៥នៅ អឺរ៉ុបខណៈពេលនេះកំពុងប្រជែងពាន Europa League និងតាមពីក្រោយ Barcelona ក្នុង La liga៕