ក្នុងការប្រកួតមិត្តភាពកាលពីម្សិលមិញ ក្រុមភ្នំពេញក្រោន ដែលបែងចែកក្រុមកីឡាករទាំងអស់ជា២ផ្នែកនោះ គឺទទួលបានលទ្ធផលវិជ្ជមាន ដោយពួកគេស្មើជាមួយណាហ្គាវើល៣-៣ក្នុងការប្រកួតទី១ និងឈ្នះអាស៊ីអឺរ៉ុប៦ទល់៣ក្នុងការប្រកួតទី២។
ក្នុងការប្រកួតទីមួយ ភ្នំពេញក្រោនបានត្រឹមស្មើ៣ទល់៣ដោយលទ្ធផលនេះ ក្រុមណាហ្គាវើលធ្វើការនាំមុខដល់ទៅ៣គ្រាប់មុនក្នុងវគ្គទី១។ ចូលវគ្គទី២ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោនបានធ្វើការតាមពីក្រោយរហូតដល់មានលទ្ធផលស្មើ។
បីគ្រាប់របស់ក្រុមលោក Sean Sainsbury រកបានដោយកីឡាករ Pouya Houseinni, អ៊ិន សូដាវីដ និង ស៊ិន កក្កដា នៅនាទី៤៧, ៥៧, និងនាទី៧៥បន្តបន្ទាប់គ្នា។ កីឡាករដែលលេចធ្លោជាងគេគឺខ្សែបម្រើប្រយុទ្ធស្លាប ស៊ិន កក្កដា ដែលរកបានមួយគ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានមួយគ្រាប់។
ក្នុងការប្រកួតនេះគេកីឡាករជម្រើសជាតិកម្ពុជាវ័យក្រោម១៩ឆ្នាំមានសកម្មភាពច្រើនជាងគេ ដោយគ្រប់គ្រង់តំបន់ប្រយុទ្ធស្ទើរតែទាំងអស់។
ចំណែកការប្រកួតទី២ក្រុមកីឡាករភ្នំពេញក្រោនឈុតទី២ បានយកឈ្នះក្រុមអាស៊ីអឺរ៉ុបដោយលទ្ធផល៦ទល់៣។ ក្នុងការប្រកួតនេះ ខ្សែប្រយុទ្ធយឿ ម៉ូស្លីម បង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ ដោយបានទាត់បញ្ចូលទី៣គ្រាប់ម្នាក់ឯងនៅនាទី៥៤ ៧៤ និងនាទី៨៨។ ៣គ្រាប់ទៀតរកបានដោយកីឡាករ Jorrin John នាទី៦៥ និង សាត រ៉ូហ្សាក់នាទី៨៨៕
រូបភាព៖ PPCFC