កីឡាករកាយវប្បកម្មជម្រើសជាតិកម្ពុជាបានត្រៀមខ្លួនរួចរាល់ហើយ និងមានក្តីរំពឹងឈ្នះមេដាយពីព្រឹត្តិការណ៍កីឡាកាយវប្បកម្ម ជើងឯកពិភពលោក ឆ្នាំ២០១៧ នៅទីក្រុង Ulan Bator ប្រទេសម៉ុងហ្គោលី ដែលគ្រោងធ្វើឡើង នាថ្ងៃទី២ ដល់ថ្ងៃទី៩ ខែតុលា ខាងមុខ ខណៈដែលកម្ពុជាធ្លាប់ឈ្នះមេដាយសំរឹទ្ធ គ្រឿងរួចមកហើយ។
បេក្ខភាពកាយវប្បកម្មចំនួន៣នាក់ ដែលត្រៀមចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោកនេះ មានបេក្ខភាពម្នាក់ជាកីឡាករម្ចាស់មេដាយសំរិទ្ធពិភពលោក កាលពីឆ្នាំ២០១៦ គឺកីឡាករ តឹក ប៊ុនវី។ កីឡាករជម្រើសជាតិទាំង៣នាក់នេះ កំពុងតែបន្តការហ្វឹកហាត់យ៉ាងសកម្មជារៀងរាល់ថ្ងៃ ដើម្បីបង្កើនបច្ចេកទេស និងថាមពលកម្លាំងឲ្យបានកាន់តែខ្លាំងក្លា ក្នុងគោលដៅដណ្តើមមេដាយមកជូនជាតិមាតុភូមិរបស់ខ្លួន។
កីឡាករ តឹក ប៊ុនវី ម្ចាស់មេដាយសំរឹទ្ធពិភពលោក កាលពីឆ្នាំ២០១៦ បានឲ្យដឹងថា ការហ្វឹកហាត់ឆ្នាំនេះ គឺទទួលបានអំណោយផលល្អ បន្ទាប់ពីបើកយុទ្ធនាការហ្វឹកហាត់ជាង៦ខែ ដែលធ្វើឲ្យសាច់ដុំឡើងល្អជាងឆ្នាំមុនៗ។ តឹក ប៊ុនវី បានបង្ហាញនូវក្ដីរំពឹងខ្ពស់ ក្នុងការស្វែងរកមេដាយល្អជាងមុន បើទោះបីជាមើលឃើញពីគូប្រជែងខ្លាំងៗជាច្រើនក៏ដោយ។ ជាមួយគ្នានោះដែរ កីឡាករ ណុំ សុបិន្ដ ដែលត្រូវបំពេញបេសកកម្មជាមួយគ្នាបានលើកឡើងស្រដៀងគ្នាដែរថា ការហ្វឹកហាត់ត្រៀមចេញទៅប្រកួតជើងឯកពិភពលោកឆ្នាំនេះ ពិតជាមានរីកចម្រើនគួរឲ្យកត់សម្គាល់។ ម្យ៉ាងស្របពេលក្រសួងអប់រំ យុវជន និងកីឡា បានទទួលស្គាល់ និងគាំទ្រការចេញទៅប្រកួតលើឆាកអន្តរជាតិផងនោះ គឺកាន់តែធ្វើឲ្យក្រុមកីឡាកាយវប្បកម្មរបស់ខ្លួនមានការព្យាយាមហ្វឹកហាត់ និងមានទំនុកចិត្តកាន់តែខ្ពស់ ក្នុងការស្វែងរកមេដាយមកជូនជាតិ។
ចំពោះកីឡាករ ២រូបដែលឈ្នះមេដាយសំរឹទ្ធនោះគឺ កីឡករ សំបូរ ណាន ឈ្នះមេដាយសំរឹទ្ធ ១គ្រឿងកាលពីឆ្នាំ២០១៥ និង កីឡាករ តឹក ប៊ុនវី ឈ្នះមេដាយសំរឹទ្ធ ១គ្រឿងទៀត កាលពីឆ្នាំ២០១៦ កន្លងទៅនេះផងដែរ។
សូមបញ្ជាក់ថា ការប្រកួតកីឡាកាយវប្បកម្មជ្រើសរើសជើងឯកពិភពលោកលើកទី៩ ឆ្នាំ២០១៧ ដែលគ្រោងធ្វើឡើងនៅទីក្រុង Ulan Bator ប្រទេសម៉ុងហ្គោលីនោះ គឺមានកីឡាករជាង ៥០០នាក់មកពី ៦១ប្រទេសលើពិភពលោក ហើយកម្ពុជាគ្រោងបញ្ជូនកីឡាករកាយវប្បកម្មរបស់ខ្លួន ៣រូបផងដែរ គឺកីឡាករ តឹក ប៊ុនវី, សំបូរ ណាន និងកីឡាករ ណុំ សុបិន្ដ ដែលដឹកនាំដោយ លោក ស៊ីម សុកមង្គលរស្មី ដែលជាប្រធានប្រតិភូ និងជាគ្រូបង្វឹកផងដែរ៕