ការប្រកួតរថយន្តប្រណាំងខ្នាតតូចលក្ខណៈអន្តរជាតិ Go Kart មានកីឡាករ កីឡាការិនី ចំនួន ១០ប្រទេសចូលរួម ដណ្តើមពានរង្វាន់ CKC Club Race 2017 កាលពីថ្ងៃទី០៧ ខែកក្តដា ម្សិលមិញ នៅភូមិកំបូល ក្លឹប Cambodia Kart Circuit ដើម្បីត្រៀមខ្លួន រៀបចំការប្រកួតជើងឯកថ្នាក់ជាតិ នាខែសីហាខាងមុខ នេះបើតាមឲ្យដឹងពីលោក Berry Yip អ្នករៀបចំព្រឹត្តិការណ៍ខាងលើ។

អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្តលក្ខណៈអន្តរជាតិនេះ បានឲ្យដឹងថា​ ការរៀបចំព្រឹត្តិការណ៍នេះឡើង គឺគោលបំណងសំខាន់ ដើម្បបំផុសឲ្យយុវជនចូលរួមលេងកីឡា ដើម្បីសុខភាព ជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ ក៏ដូចកុំឲ្យមានការបង្ហោះម៉ូតូ ឬប្រណាំងរថយន្តនៅតាមទីសារធារណៈ ឲ្យពួកគេងាកមកបង្ហាញស្មាដៃលើទីលានវិញផងដែរ ។ លោកបន្តទៀតថា តាមរយៈព្រឹត្តិការន៍នេះ គឺជាការត្រៀមខ្លួន សម្រាប់ការរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ នាខែសីហា ខែក្រោយនេះ ប៉ុន្តែមិនទាន់កំណត់ថ្ងៃប្រកួតនៅឡើយទេ។

សូមបញ្ជាក់ថា  ការប្រកួតប្រណាំងរថយន្តលក្ខណៈអន្ដរជាតិនេះ មាន អត្តពលិកចំនួន ១០នាក់ចូលរួម ហើយចំពោះក្រុមខ្លាំងកម្រិត A ចំណាត់ថ្នាក់លេខ១ បានទៅកីឡាករ Mark មកពីហ្វីលីពីន, កីឡាករ Charts មកពីសហរដ្ឋអាមេរិក និងកីឡាករ Jovany មកពីសហរដ្ឋអាមេរិកដូចគ្នា ។ ចំណែកឯលទ្ធផលក្រុមកម្រិត B វិញ ចំណាត់ថ្នាក់លេខ១ បានទៅកីឡាការិនីកម្ពុជា ឡាយ ស្រីរ័ត្ន, លេខ២ កីឡាការិនី David De Waif និងកីឡាករ Dadid Catry មកពីប្រទេសប៊ែលហ្ស៊ិកដូចគ្នា ៕