ក្រុមម្ចាស់ផ្ទះបាល់ទាត់ជម្រើសជាតិកម្ពុជារកបាន៣ពិន្ទុពីក្រុមភ្ញៀវ ជម្រើសជាតិអាហ្វហ្គានីស្ថានបន្ទាប់ ពីបានយកឈ្នះដោយលទ្ធផល ១ទល់០ កាលពីយប់មិញ នៅកីឡដ្ឋានជាតិ នៅក្នុងការប្រកួតសន្សំពិន្ទុ ក្នុងពូល C នៃព្រឹត្តិការណ៍វគ្គចែកពូលជុំផ្តាច់ព្រ័ត្រ ទ្វីបអាស៊ី AFC Asian Cup។
នៅក្នុងការប្រកួតនៅវគ្គទី១ ក្រុមកម្ពុជា និងអាហ្វហ្គានីស្ថាន រក្សាបាននូវលទ្ធផលស្មើគ្នា ០ទល់០ ហើយ ចូលដល់វគ្គទី២ នៅត្រឹមនាទី៥៩ កីឡាករ ប្រាក់ មុន្នីឧត្តម រកបាន១គ្រាប់លើក្រុមភ្ញៀវ ដោយ១គ្រាប់នេះជា គ្រាប់បាល់ជ័យជម្នះរហូតដល់បញ្ចប់ការប្រកួត ៩០នាទីតែម្តង។ ក្នុងពូលC នេះ គឺមាន៤ក្រុម គឺហ្សកដង់, កម្ពុជា, វៀតណាម និងអាហ្វហ្គានីស្ថាន ដោយ៤ក្រុមនេះលេងបាន២ប្រកួតដូចគ្នា ដោយក្រុមហ្សកដង់ឈ្នះ ទាំងពីរប្រកួត មាន៦ពិន្ទុ កំពុងក្នុងដំណែងចំណាត់ថ្នាក់លេខ១ បណ្តោះអាសន្ន ហើយកម្ពុជាឈរនៅចំណាត់ ថ្នាក់លេខ២បណ្តោះអាសន្ន ដោយ២ប្រកួត ឈ្នះ១ប្រកួតជាមួយអាហ្វហ្គានីស្ថាន ១ទល់០ និងចាញ់១ប្រកួតជា មួយហ្សកដង់ ០ទល់៧។ ប្រវត្តិជួបគ្នា ២ដង របស់កម្ពុជាជាមួយអាហ្វហ្គានីស្ថាន កាលពីឆ្នាំ២០១៥ កន្លងទៅ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ជុំទី២ វគ្គចែកពូលនោះ គឺកម្ពុជាធ្លាប់បានចាញ់ អាហ្វហ្គានីស្ថានទាំង២ប្រកួត គឺចាញ់ ០ទល់១ និងចាញ់ ០ទល់៣។ ក្រុមទាំងអស់ត្រូវជួបគ្នាចំនួន២ជើង ដោយ ប្តូរទឹកដីគ្នាម្នាក់ម្តង ពោលគឺក្នុង១ក្រុម មានប្រកួតសរុបចំនួន៦លើក។
សម្រាប់ប្រកួតបន្ទាប់របស់ជម្រើសជាតិកម្ពុជានឹងត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវវៀតណាម នាថ្ងៃទី០៥ ខែ កញ្ញា ឆ្នាំ២០១៧ ដើម្បីបញ្ចប់ការប្រកួត នៅជើងទី១របស់ខ្លួន។
គ្រូបង្គោលជម្រើសជាតិកម្ពុជា សញ្ជាតិប្រេស៊ីល, លោក Leonardo Victorino បានឲ្យដឹងថា ប៉ុន្មាន ប្រកួតចុងក្រោយមកនេះ គេឃើញមានអ្នកគាំទ្រមួយចំនួនបានរិះគន់ឥតឈប់ឈរ ចំពោះទម្រង់លេងរបស់ខ្សែ ប្រយុទ្ធ ឃួន ឡាបូរ៉ាវី ហើយបានស្រែកឲ្យគ្រូបង្វឹកប្ដូរចេញទៀតផង បន្ទាប់ពីអ្នកទស្សនាទាំងនោះមិនពេញចិត្ត នឹងចលនាលើទីលានរបស់កីឡាករក្លឹបបឹងកេតរូបនេះ ពិសេសអំឡុងពេលក្រុមជម្រើសជាតិកម្ពុជាបានយក ឈ្នះក្រុមភ្ញៀវអាហ្វហ្គានីស្ថាន ប៉ុន្តែលោកមិនយល់ស្របតាមការលើកឡើងរបស់អ្នកគាំទ្របែបនេះទេ។ ផ្ទុយ ទៅវិញលោកថែមទាំងកោតសរសើរពីការខិតខំប្រឹងប្រែងរបស់កីឡាករ ឃួន ឡាបូរីវ៉ា ទៀតផង ព្រោះលោក គិតថាកីឡាករមានជំហរខ្ពស់ជាងគេក្នុងក្រុមនេះបានបំពេញតួនាទីជាច្រើននៅលើទីលាន ដើម្បីជួយមិត្តរួមក្រុម របស់ខ្លួន។ ក្រោយពីទទួលបានជ័យជម្នះ, លោក Leonardo បានបង្ហាញឲ្យអ្នកគាំទ្រឃើញថា លោកពិតជាស្រ ឡាញ់ប្រទេសនេះខ្លាំងណាស់ ហើយក៏ចង់ជួយអភិវឌ្ឍវិស័យបាល់ទាត់នៅទីនេះឲ្យរីកចម្រើនឡើងផងដែរ។
សូមបញ្ជាក់ថា ក្រុមកម្ពុជា ដែលមានសមាជិកចំនួន៣៥នាក់ ទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្តពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ក្នុងម្នាក់ៗ ១ពាន់ដុល្លារ សរុបចំនួន ៣៥០០០ដុល្លារអាមេរិក៕