តាមរយៈការបន្ទាន់សម័យកាល ចំណាត់ថ្នាក់បាល់ទាត់ពិភពលោកប្រចាំខែ បានដឹងហើយគឺក្រុមជម្រើសជាតិនៅអាស៊ានរក្សាចំណាត់ថ្នាក់ដូចខែមុនដដែល លើកលែងតែ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ាមួយគត់ដែលមានការប្រែប្រួល។
ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ក្នុងខែនេះធ្លាក់ចុះចំនួន២កាំ គឺមកលេង១៤២ក្នុងខែកុម្ភៈនេះ ខណៈខែមករាឈរលេខ១៤០។ ក្រៅពីក្រុមជម្រើសជាតិមួយនេះ ក្រុមបាល់ទាត់អាស៊ានទាំងអស់រក្សាចំណាត់ថ្នាក់ដដែល។ វៀតណាមឈរលេខ(១១២) ហ្វីលីពីន(១២៣) ថៃ (១២៩) ឥណ្ឌូណេស៊ី(១៦០) កម្ពុជា(១៧២) សិង្ហបុរី(១៧៣) ម៉ាឡេស៊ី (១៧៥) ឡាវ (១៨៣) និងប្រ៊ុយណេ-ទីម័រខាងកើតឈរលេខ(១៩១)និង(១៩២)បន្តបន្ទាប់គ្នា។
ចំណែកក្រុមកំពូលតារាងទាំង១០គ្មានការប្រែប្រួលអីនោះទេគឺរក្សាចំណាត់ថ្នាក់ដដែល។ ក្រុមដែលឡើងចំណាត់ថ្នាក់ច្រើនបំផុតក្នុងខែនេះគឺកុងហ្គោឡើងមកចំណាត់ថ្នាក់៨៨(ឡើង៨កាំ) ខណៈអេហ្ស៊ីបធ្លាក់ចុះក្រោមខ្លាំងជាងគេ គឺមកលេង៤៣ធ្លាក់១៣ចំណាត់ថ្នាក់៕
ប្រភព៖ FIFA