កងកម្លាំងប៉ូលីសនៃប្រទេសម៉ាឡេស៊ី (RMP) កំពុងចាត់វិធានការដើម្បីធានាសន្តិសុខ និងសុវត្ថិភាព មុននិងក្នុងកំឡុងពេលប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី ២៩ (29th SEA Games 2017) ដែលធ្វើឡើងនៅ ទីក្រុង គូឡាឡាំពួរ ជាមួយនឹងការធ្វើសមយុទ្ធចំនួន៦លើក។
ជាការត្រៀម កងកម្លាំងប៉ូលីសនៃប្រទេសម៉ាឡេស៊ី នឹងធ្វើសមយុទ្ធចំនួន៦ដង ដើម្បីរៀបចំ ដោយមានការបំពាក់កម្លាំងដើម្បីការពារការគំរាមកំហែងណាមួយដែលអាចកើតមានឡើងជាយថាហេតុ អំឡុងព្រឹត្តិការណ៍នេះ។
មកទល់ពេលនេះ សមយុទ្ធបានធ្វើចំនួន៤លើកហើយ ដោយបានធ្វើនៅ ពហុកីឡដ្ឋានជាតិ Bukit Jalil, មជ្ឈមណ្ឌលជាតិនាវាកំសាន្ត Langkawi, មជ្ឈមណ្ឌលកីឡាទូកជាតិ, ឧទ្យានជាតិ Endurance ជាទីតាំងកីឡាប្រណាំងសេះ និង Terengganu។
សមយុទ្ធចំនួន ២ ផ្សេងទៀតនឹងធ្វើឡើងនៅ ពហុកីឡដ្ឋានជាតិ Bukit Jalil ជាថ្មីម្ដងទៀត និងនៅ KL Sentral ដែលជាផ្នែកកណ្ដាលនៃទីក្រុង។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី ២៩ (29th SEA Games 2017) គ្រោងនឹងចាប់ផ្ដើមធ្វើពិធីបើកនៅថ្ងៃទី១៩ ខែកក្កដា ខាងមុខនេះ ដោយប្រទេសចំនួន១១ ចូលរួមប្រកួត ជាមួយនឹងអត្តពលិកប្រមាណជិត ៥,០០០ នាក់ធ្វើការប្រកួតលើកីឡាចំនួន៣៨ប្រភេទ ស្មើនឹង៤០៥វិញ្ញាសារកីឡា៕
រូបភាព: kualalumpur2017