ខ្សែបម្រើ Real Madrid កីឡាករ James Rodriguez ត្រូវបានគេរាយការណ៍ថាបាននិយាយប្រាប់ Bayern Munich ហើយថាគាត់នឹងទៅចូលរួមជាមួយLiverpool ពេលចប់រដូវកាលនេះដោយសុខចិត្តកាត់តម្លៃប្រាក់ឈ្នួលមួយឆ្នាំពី Allianz Arena។
Real Madrid បានឲ្យ James លេងនៅ Bayern ក្នុងលក្ខខ័ណ្ឌខ្ចីជើងកាលពីដើមរដូវកាល បន្ទាប់ពីប្រធានក្រុមជម្រើសជាតិកូឡុំប៊ី មិនសូវបានលេងក្រោមការដឹកនាំរបស់ Zinedine Zidane។ កីឡាករវ័យ២៥ឆ្នាំ កំពុងបង្ហាញទម្រង់លេងល្អនៅអាល្លឺម៉ង់ ដោយជួយក្រុមរបស់លោក Jupp Heynckes ឈរកំពូលតារាង Bundesliga ដាច់ពិន្ទុឆ្ងាយ ហើយអាចនឹងលើកពានជាលើកទី៦ជាប់ៗគ្នា។
អញ្ចឹងក៏ដោយ! របាយការណ៍ជាច្រើនបានបញ្ជាក់ថា Rodriguez ប្រហែលជាចាកចេញពីពេលចប់រដូវកាលនេះ។ ជាមួយនឹងការបង្ហាញទម្រង់លេងល្អនៅ World Cupក្នុងក្រុមជម្រើសជាតិអាចនឹងធ្វើឲ្យតម្លៃខ្លួនរបស់គេកាន់តែកើនឡើង។កាសែត Diario Gol របស់អេស្ប៉ាញបាននិយាយថា James បានប្រាប់ Bayern ថានឹងទៅលេងនៅ Liverpool ពេលដែលទីផ្សារដោះដូរកីឡាករត្រូវបើកពេលចប់រដូវកាលនេះ។
ហង្សក្រហមទើបតែលក់ Coutinho ឲ្យ Barcelona ក្នុងតម្លៃ១៤២លានផោនកាលពីខែមុន ហើយពេលនេះលោក Jurgen Klopp ក៏មិនរកកីឡាកររូបណាម្នាក់មកជំនួសកន្លែងរបស់ខ្សែបម្រើជម្រើសជាតិប្រេស៊ីលរូបនេះដែរ ដោយលោកទុកចិត្តកម្លាំងប្រយុទ្ធដែលមានស្រាប់ដូចជា៖ Mohamed Salah, Sadio Mane និង Roberto Firmino។
យ៉ាងណាក្ដី! ទម្រង់លេងរបស់ក្លឹបហាក់មិននឹងននោះទេ ដោយពួកគេទើបតែចាញ់ West Brom ក្នុងពានរង្វាន់ FA Cup កាលពីប៉ុន្មានថ្ងៃមុន។កាសែតខាងលើបាននិយាយថា Klopp បានកំណត់អត្តសញ្ញាណ James មកជំនួស Coutinho នៅរដូវកាលក្រោយក្រែងលោអាចក្លាយជាក្លឹបប្រជែងពានហ្នឹងគេ៕