ក្លឹបបិសាចក្រហម Manchester United បានទទួលជោគជ័យក្នុងការចុះកុងត្រាយកអ្នកចាំទី Matej Kovar ពីក្លឹប FC Slovacko ។
បិសាចក្រហមទទួលបានខ្សែប្រយុទ្ធ Alexis Sanchez កាលពីសប្ដាហ៍មុនហើយក៏គ្មានព័ត៌មានចុះផ្សាយថា ចាប់អារម្មណ៍កីឡាកររូបណាទៀតទេ ប៉ុន្តែដល់ពេលទីផ្សារកីឡាករប៉ុន្មាននាទី ក្លឹបមួយនេះទទួលបានអនាគតអ្នកចាំទីម្នាក់ដែរ។ Kovar គឺជាអ្នកចាំទីជម្រើសជាតិសាធារណរដ្ឋឆេកវ័យក្រោម១៨ឆ្នាំ ហើយកីឡាករវ័យ១៧ឆ្នាំរូបនេះ បានស៊ីញេកុងត្រាជាកីឡាករអាជីពជាមួយក្លឹបទៅហើយ។ រូបគេនឹងត្រូវបញ្ចូលទីក្នុងក្រុមយុវជនថ្នាលរបស់ក្លឹប។
Kovar ត្រូវបានគេរំពឹងថានឹងចូលលេងក្នុងវ័យក្រោម១៨ឆ្នាំរបស់លោក Kieran McKenna ខណៈដែលគ្រូបង្វឹកយុវជនម្នាក់នឹងអាចជំនួសលោក Jose Mourinho ក្នុងនាមជាគ្រូបង្វឹកឈុតធំនៅថ្ងៃណាមួយ។
មែនទែនទៅ! បិសាចក្រហមមានជម្រើសអ្នកចាំទីល្អៗរួចទៅហើយដោយមានដូចជា Devid De Gea លេងក្នុងដំណែងដៃទីមួយ ហើយ Sergio Romero ឈរពីក្រោយក្នុងនាមអ្នកចាំទីដៃទី២។ អ្នកចាំទីអាហ្សង់ទីនត្រូវបានគេដឹងថាជិតចេញទៅលេងនៅស្រុកកំណើតវិញពេលចប់រដូវកាលនេះ ខណៈដែល De Gea មានព័ត៌មានរអេចរអូចថា Real Madrid នៅតែចិញ្ចឹមចិត្តចង់បាន។
ចំណែកតារាវ័យក្មេង Joel Castro Pereira បានចូលលេង១២នាទីក្នុងពាន EPF Cup ក្នុងរដូវកាលនេះហើយកីឡាករវ័យ២១ឆ្នាំត្រូវលោក Jose បានកោះហៅឲ្យក្លាយជាអ្នកចាំទីដៃទី៣ហើយរូបគេមានឈ្មោះបម្រុង៨ដងក្នុងរដូវកាលនេះ៕