ប្រភពរបាយការណ៍ជាច្រើនមកពីអង់គ្លេសបាននិយាយថា Mesut Ozil បានស៊ីញេកុងត្រាថ្មីបន្ថែមទៀតជាមួយ Arsenal រួចទៅហើយ ដែលកុងត្រានេះរក្សាកីឡាករអាល្លឺម៉ង់ដល់ឆ្នាំ២០២១ និងទទួលបានប្រាក់ឈ្នួលខ្ពស់ជាងគេប្រចាំក្លឹប។
ក្រុមកាំភ្លើងធំសឹងតែបាត់បង់ Ozil ដោយមិនបានលុយសូម្បីតែមួយកាក់ទៅហើយពេលចប់រដូវកាលនេះ ក្រោយពេលManchester United ដាក់សំណើចុះកុងត្រាយកខ្សែបម្រើកំពុងបញ្ជូនបាល់វ័យ២៩ឆ្នាំក្នុងរដូវកាលនេះ។ ប៉ុន្តែប្រភព BBC បាននិយាយថា Ozil ឈានដល់កិច្ចព្រមព្រៀងជាមួយ Arsenal កាលពីចុងសប្ដាហ៍មុនហើយបានសម្រក់ទឹកប៊ិចលើក្រដាសជាផ្លូវការ លើកុងត្រាថ្មីក្នុងបរិវេណទីតាំងហ្វឹកហាត់របស់ក្លឹបកាលពីថ្ងៃពុធ។
របាយការណ៍ខាងលើបន្តទៀតថា កីឡាករជម្រើសជាតិអាល្លឺម៉ង់នឹងទទួលបានប្រាក់ឈ្នួលប្រចាំសប្ដាហ៍៣៥ម៉ឺនផោនក្នុងមួយអាទិត្យ មិនទាន់គិតពន្ធ ប៉ុន្តែតម្លៃនេះគឺខ្ពស់ជាងគេនៅ Arsenal ហើយ។ កុងត្រាមានរយៈពេល៣ឆ្នាំកន្លះ ហើយរូបនៅលេងឲកយកាំភ្លើងធំដល់ឆ្នាំ ២០២១។
អតីតខ្សែបម្រើរូបនេះ ត្រូវបានគេដឹងថាបដិសេធសំណើរបស់ PSG និងក្លឹបមកពីលីគកំពូលចិនផងដែរ។ Ozil បានចាកចេញពី Real Madrid កាលពីឆ្នាំ២០១៣ក្នុងតម្លៃ៤២.៥លានផោន បានចំណាយពេល៥ឆ្នាំហើយ ជាមួយកាំភ្លើងធំដោយជួយក្លឹបមានមូលដ្ឋាននៅភាគខាងជើងរដ្ឋធានីឡុងដុងឈ្នះពានFA Cup ៣ដង៕