គ្រូបង្វឹកក្លឹប Pahang FA លោក Dollah Selleh នៅតែកំពុងស្វែងរកកីឡាករបរទេស២រូបទៀត ដើម្បីប្រកួតប្រជែងពានMalaysia Super League រដូវកាលថ្មី។
អតីតកីឡាករជម្រើសជាតិម៉ាឡេស៊ីដែលឡើងជាគ្រូបង្វឹករូបនេះ សង្ឃឹមថានឹងរកបានមុនពេល ក្លឹបរបស់ខ្លួន(Pahang FA)លេងប្រកួតដំបូងក្នុងលីកជាមួយនឹងក្លឹប Perak នៅថ្ងៃទី៤កុម្ភៈឆ្នាំ២០១៨។ ក្លឹបមានមូលដ្ឋាននៅឆ្នេរសមុទ្រភាគខាងកើត ទើបតែរកបានកីឡាករបរទេស៣នាក់ប៉ុណ្ណោះ គឺកីឡាករសញ្ជាតិសិង្ហបុរី Safuwan Baharudin លេងក្នុងដំណែងការពារ ខ្សែប្រយុទ្ធសញ្ជាតិហ្គំប៊ី Mohamodou Sumareh និងចាន់ វឌ្ឍនាការបស់កម្ពុជា។
ខ្សែប្រយុទ្ធសញ្ជាតិហ្គំប៊ី Mohamodou Sumareh
Pahang FA សង្ឃឹមថានឹងអាចរកកីឡាករល្អមកជំនួសខ្សែប្រយុទ្ធប្រេស៊ីល Matheus Alves ដែលជា Top Scorer របស់ក្លឹបកាលពីរដូវកាលមុន ប៉ុន្តែភាគីទាំងពីរមិនបាល់យល់ព្រមចរចាកិច្ចសន្យាថ្មីនោះទេ។ Alves ពេលនេះទៅចូលរួមជាមួយក្លឹប Sowon FC លេងក្នុងក្របខ័ណ្ឌ K-League Challenge។
និយាយក្នុងកាសែតក្នុងស្រុកមួយលោក Dollah ដែលទើបតែរួចពីការជាប់ពិន័យរបស់ AFC ពីបទកំណត់លទ្ធផលការប្រកួត កាលលោកនៅជាមន្ត្រីសហព័ន្ធបាល់ទាត់អាស៊ីបាននិយាយថា លោក ត្រូវការកីឡាករបរទេសដែលលេងក្នុងដំណែងការពារមួយ នឹងប្រយុទ្ធម្នាក់ទៀត។
“យើងបានកំណត់អត្តសញ្ញាណកីឡាករបរទេស២ទៅ៣នាក់ហើយប៉ុន្តែខ្ញុំនឹងពិភាក្សាជាមួយអ្នកគ្រប់គ្រងដើម្បីសម្រេចចិត្តលើរឿងនេះ។ប្រសិនបើគ្រប់យ៉ាងដំណើរការល្អ កីឡាករបរទេសនឹងមកដល់ក្លឹបចុងសប្ដាហ៍នេះហើយ”។
Pahang នឹងក្លាយជាក្រុមថ្មីមួយក្រោយពេលកីឡាករចាស់ដែលលេងក្នុងឆ្នាំមុនចាកចេញដល់ទៅ១០នាក់។ ” កាលពីឆ្នាំមុនយើងមានកីឡាករល្អៗប៉ុន្តែឆ្នាំនេះយើងបានសម្រេចចិត្តដំឡើងកីឡាករវ័យក្មេងរបស់យើងច្រើន។ យើងមិនចាំបាច់ប្រៀបធៀបកីឡាករជាមួយនឹងក្រុមដទៃទៀតទេ ហើយកីឡាករយើងបច្ចុប្បន្ន កំពុងធ្វើការធ្ងន់ហើយខ្ញុំមានទំនុកចិត្តថាយើងអាចធ្វើបានដូចពីមុន”។
ក្នុងចំណោមកីឡាករទិញចូលទាំងអស់ក៏មាន វឌ្ឍនាកាមួយដែរហើយគ្រូបង្វឹករូបនេះនិយាយថាកីឡាករខ្មែររូបនេះគឺជាករណីមួយផ្សេងទៀតប៉ុន្តែចាំបាច់ធ្វើការធ្ងន់ដើម្បីរក្សាភាពមាំមួនឡើងវិញ។
“វឌ្ឍនាការមានសមត្ថភាពពិសេស គាត់គឺពិតជាកីឡាករល្អបំផុតម្នាក់ ក្នុងតំបន់អាស៊ានហើយយើងពិតជាសំណាងដែលមានគាត់នៅទីនេះ។ គាត់មិនទាន់រឹងមាំគ្រប់គ្រាន់ពេលមកដល់ទីនេះ ប៉ុន្តែយើងគួរតែយល់ហើយដែលកីឡាករខានលេងជិតមួយឆ្នាំនឹងមានសភាពបែបនេះ“៕