កីឡាករលេងក្នុងដំណែងបម្រើប្រយុទ្ធស្លាប Andreas Pereira ដែលកំពុងលេងនៅក្លឹបឡើងជើងរបស់អេស្ប៉ាញ Valencia (លក្ខខណ្ឌខ្ចីជើង)មិនចង់ត្រឡប់ទៅលេងនៅ Old Trafford ទៀតទេដោយរូបចង់លេងនៅអេស្ប៉ាញដដែល។
កីឡាករវ័យ២២ឆ្នាំបានបន្តកុងត្រាថ្មីជាមួយ Manchester United ដល់ឆ្នាំ២០១៩មុនពេលប្ដូរមកលេងនៅ Valencia កាលពីខែកញ្ញា។ មានរបាយការណ៍ជាច្រើននិយាយថា Man Utd បានពិចារណាយកអតីតយុវជនរបស់ខ្លួនទៅលេងនៅក្លឹបវិញក្នុងខែនេះ ប៉ុន្តែ Pereira ចង់លេងនៅក្របខ័ណ្ឌ La liga ជាង។
“ ខ្ញុំនៅទីនេះហើយខ្ញុំចង់នៅបន្តទៀត ខ្ញុំមានអារម្មណ៍ល្អនៅទីនេះខ្ញុំកំពុងលេងបានល្អហើយខ្ញុំចង់ឈ្នះពានជាមួយValencia” កីឡាករប្រេស៊ីលនិយាយក្នុងកាសែត Superdporte។
“ពួកយើងពិតជាភ្ញាក់ផ្អើលដែលឈានមកដល់វគ្គ៨ក្រុមចុងក្រោយហើយយើងព្យាយាមឡើងឲ្យដល់វគ្គផ្ដាច់ព្រ័ត្រ”។
Pereira បានលេង១៦ប្រកួតឲ្យក្លឹបចាប់តាំងពីមកដល់ Valenciaហើយក្នុងចំណោមនោះលេងក្នុងជម្រើសដំបូង៥ប្រកួត។ ជាសរុបរូបគេរកបាន១គ្រាប់ នឹងបញ្ជូនបាល់បាន៥ដងក្នុងចំណោម២០ប្រកួតគ្រប់កម្មវិធី៕