លោក Jose Mourinho ចង់​ឲ្យ​ Manchester United ស៊ីញេ​កុង​ត្រា​យក​ខ្សែ​បម្រើ​ប្រយុទ្ធ​ស្លាប​របស់ ​Paris Saint-Germain កីឡាករ​ Lucas Moura ក្នុង​ខែ​នេះ។

កីឡាករ​វ័យ​២៥​ឆ្នាំ​កម្រ​បាន​ចូល​លេង​ក្នុង​ឈុត​ជម្រើស​ដំបូង​ណាស់ ​ក្នុង​រដូវ​កាល​នេះ​ ដោយ​ទើប​តែ​លេង​បាន​៥​ប្រកួត​ក្នុង​នាម​ជា​កីឡាករ​បម្រុង​ហើយ​សល់​ពី​នេះ​គឺ​គ្មាន​ឈ្មោះ​ចូល​លេង​នោះ​ទេ។

បន្ទាប់​ពី​ទិញ​ចូល ​Neymar, Mbappe ហើយ​ក្លឹប​​ PSG មាន​ជម្រើស​ល្អ​ដូច​ជា៖​ Di Maria, Cavani..​ទៀត​ក្លឹប​ឈរ​កំពូល​តារាង​លីក​កំពូល​បារាំង​ គ្រោង​នឹង​លក់​កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ ​ចេញ​​ស្រប​ពេល​ក្លឹប Beijing Guoan ​នៅ​លីក​ Chinese Super League ចាប់​អារម្មណ៍។

ប៉ុន្តែ​ប្រភព​ The Sun បាន​បញ្ជាក់​ថា​ United កំពុង​សម្លឹង​រក​ភាព​អាច​ទៅ​រួច​ ក្នុង​ការ​ចុះ​កិច្ច​ព្រមព្រៀង​មួយ​​ ប៉ុន្តែ​តម្លៃ​គឺ​ជា​ឧបសគ្គ​ដែល​ Man Utd ពិបាក​។ អញ្ចឹង​ក៏​ដោយ Man Utd ចង់​បាន​កីឡាករ​ម្នាក់​នេះ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​តែ​ប៉ុណ្ណោះ​​ហើយ​ផ្ទុយ​ទៅ​វិញ PSG ចង់​ឲ្យ​បិសាច​ក្រហម​ទិញ​ដាច់​ក្នុង​តម្លៃ​៤០​លាន​ផោន​ក្នុង​ខែ​មករា​នេះ។ Moura ធ្លាប់​មាន​ព័ត៌មាន​ចុះ​ផ្សាយ​ថា​រូប​គេ​ចាប់​អារម្មណ៍​ មក​លេង​នៅ​អង់គ្លេស​ជា​ជាង​ផ្សងព្រេង​រក​ទ្រនំ​ថ្មី​ទៅ​ភាគ​ខាង​កើត​ដល់​ទឹក​ដី​ចិន។

និយាយ​ពី​ដើម​មក​វិញ​! កាល​ជំនាន់​លោក Sir Alex Ferguson ដឹកនាំ​គាត់​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ស្លាប​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​នេះ​ កាល​ពី​ឆ្នាំ​២០១២​​ពី​ក្លឹប​ Sao Paulo ប៉ុន្តែ​រូប​គេ​សម្រេច​ចិត្ត​លេង​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​នៅ ​PSG ហើយ​ត្រូវ​ក្លឹប​ទិញ​យក​ដល់​បច្ចុប្បន្ន​ក្នុង​តម្លៃ​៣៨​លាន​ផោន​បំបែក​កំណត់​ត្រា​ក្លឹប​ក្នុងមួយ​​ឆ្នាំ​ក្រោយ​មក៕