បន្ទាប់ពីបានបរាជ័យក្នុងការអញ្ជើញក្រុមជម្រើសជាតិខ្លាំងៗកម្រិតពិភពលោករួមមាន ជម្រើសជាតិបារាំង, ឆែក និងអ៊ុយរ៉ាហ្គាយ ក្នុងការចូលរួមប្រកួតពានរង្វាន់បាល់ទាត់ King’s Cup របស់ខ្លួននៅឆ្នាំនេះ ទីបំផុតថៃ បានអញ្ជើញក្រុមជម្រើសជាតិ៣ផ្សេងទៀតចូលរួមប្រកួត ក្រៅផ្លូវការមួយនេះ។
ប្រភពច្បាស់ការបានបង្ហាញថា ជម្រើសជាតិទាំង៣ដែលចូលរួមក្នុងពានរង្វាន់នេះ រួមមាន ជម្រើសជាតិកូរ៉េខាងជើង, ប៊េឡារូស និង បូហ្គីណាហ្វាសូ ខណៈការប្រកួតគ្រោងនឹងចាប់ផ្ដើមនៅថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះ ធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ។
រំលឹកជាថ្មីផងដែរថា ពានរង្វាន់បាល់ទាត់ King Cup របស់ថៃ បង្កើតឡើងតាំងពីឆ្នាំ១៩៦៨ មកម៉្លេះហើយជម្រើសជាតិថៃ ធ្លាប់ឈ្នះជើងឯកចំនួន១៤លើកផងដែរ ខណៈក្រុមនេះជាម្ចាស់ជើងឯកឆ្នាំចាស់ ក្រោយយកឈ្នះលើក្រុមហ្សកដានី ដោយលទ្ធផល ២ទល់០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីឆ្នាំ២០១៦ កន្លងទៅ៕