អតីតខ្សែប្រយុទ្ធជម្រើសជាតិកីឡាករ Sarayuth Chaikamdee បានប្រកាសក្នុងទំព័រហ្វេសបុករបស់ខ្លួនពីការចូលនិវត្តន៍ពីបាល់ទាត់អាជីពហើយ។
អតីតកីឡាករល្បីថា ពូកែទាត់បញ្ចូលទីក្នុងចម្ងាយជិតនៅមុខទីរូបនេះ បានសរសេរក្នុងបណ្ដាញសង្គមរបស់លោកថា៖” ខ្ញុំអរគុណដល់មនុស្សគ្រប់គ្នារួមទាំងក្លឹបដែលខ្ញុំធ្លាប់បានលេង បណ្ដាញផ្សព្វផ្សាយ និងអ្នកគាំទ្រទាំងអស់។ ខ្ញុំបញ្ចប់អាជីពបាល់ទាត់តែត្រឹមនេះ”។
Sarayuth គឺជាកីឡាករម្នាក់ជាប់ឈ្មោះក្នុងលីកកំពូលថៃ ក្នុងនាមជាកីឡាកររកបានគ្រាប់បាល់ច្រើនបំផុត១០១គ្រាប់។ គាត់នេះហើយដែលជាកីឡាករដំបូងបំផុត ដែលអាចរកគ្រាប់បាល់បានលើសពី១០០គ្រាប់ក្នុងលីក នឹងមកដល់បច្ចុប្បន្នមិនទាន់មាននរណាបំបែកបានឡើយ។
អតីតកីឡាករជម្រើសជាតិថៃរូបនេះ ត្រូវបានគេចាត់ទុកថាខ្សែប្រយុទ្ធដ៏ល្អបំផុត និងពូកែរកគ្រាប់បាល់បំផុតរហូតដល់គេដាក់ឈ្មោះថា Joe Five Yard” ដោយសារតែគាត់ជាកីឡាករដែលរកគ្រាប់បាល់បាន នៅតែចម្ងាយ៥យ៉ាដ(ជិត៦ម៉ែត្រ)។
អំឡុងក្នុងអាជីពបាល់ទាត់ គាត់ធ្លាប់ឈ្នះជើងឯកលីកកំពូលថៃជាមួយក្រុម Port FC កាលពីឆ្នាំ ២០១០ ជើងឯក King Cup ជាមួយជម្រើសជាតិថៃកាលឆ្នាំ ២០០៦ និង២០០៧ហើយក៏ធ្លាប់ជួយក្រុមជម្រើសជាតិឈ្នះ SEA Games 2003 ដែរ៕