អតីតខ្សែប្រយុទ្ធ Arsenal និងManchester United គឺកីឡាករ Robin van Persie បានពន្យល់ពីមូលហេតុដែលរូបគេបដិសេធធ្វើការប្ដូរមកលេងនៅប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមប្រភពពីភ្នាក់ងាររបស់កីឡាករនិយាយក្នុងកាសែតបរទេសមួយ។
ក្លឹប Bali United បានពិភាក្សាលើកិច្ចព្រមព្រៀងមួយក្នុងការស៊ីញេកុងត្រាយកកីឡាករ៣៣ឆ្នាំ មកលេងនៅអាស៊ីអាគ្នេយ៍តាមកូតាកីឡាករបរទេស ប៉ុន្តែការពិភាក្សាត្រូវបានបញ្ចប់ដោយសារក្លឹបលេងនៅលីកកំពូលឥណ្ឌូណេស៊ីមួយនេះមិនអាចទទួលយកនូវការចង់បានប្រាក់ឈ្នួលរបស់កីឡាករ។
លោក Kees Vos ជាភ្នាក់ងាររបស់កីឡាករហុល្លង់បាននិយាយក្នុង Turki Fotomac ថា“ Robin van Persie បានទទួលសំណើពីក្លឹបមួយនៅឥណ្ឌូណេស៊ីប៉ុន្តែគាត់បានបដិសេធវា។ គាត់ចង់ត្រឡប់ទៅលេងនៅFeyenood វិញដូចជាអតីតមិត្តរួមក្រុម Dirk Kuyt”។
“តាមពិតទៅគាត់ពិចារណានឹងទទួលយកសំណើទៅពីក្លឹបឥណ្ឌូណេស៊ីទៅហើយ ប្រសិនបើតម្លៃនៃការផ្ទេរនិងសំណើប្រាក់ឈ្នួលលើសពី៤លានអឺរ៉ូ។ បើមិនអញ្ចឹងទេគាត់នៅបន្តលេងនៅក្នុង Fenerbahce ” លោកបានបន្ត។
Van Persie បានមកចូលរួមជាមួយក្លឹបទួរគីមួយនេះក្រោយពេលចាកចេញពីក្លឹបManchester United ក្នុងកុងត្រារយៈពេល៣ឆ្នាំខណៈតម្លៃខ្លួនមានតម្លៃ៤.៩លានអឺរ៉ូកាលពីខែកក្កដាឆ្នាំ២០១៥។
បែបណាក្ដី! អតីតកីឡាករកាំភ្លើងធំ Arsenal មួយនេះបានផ្ទេរទៅលេងនៅក្លឹបកាលពីវ័យជំទងគឺ Feyenoord កាលពីប៉ុន្មានថ្ងៃមុនក្រោយចេញពីក្លឹបនៅលីកកំពូលទួរគី៕