សប្ដាហ៍ទី២២គឺសប្ដាហ៍ចុងក្រោយ ហើយសម្រាប់ការប្រកួតក្នុងពានរង្វាន់ Metfone Cambodian League ខណៈក្រុមព្រះខ័នរាជស្វាយរៀង បឹងកេត និងណាហ្គាមានភាគរយខ្ពស់បានឱកាសលេងពានអនុតំបន់ Toyota Mekong Club Championship 2017។
ក្រុមព្រះខ័នរាជស្វាយរៀងកំពុងឈរកំពូលតារាងមាន៤៦ពិន្ទុ ប៉ុន្តែពួកគេអាចនឹងពិបាកចាប់ឱកាសបានលេងពានមួយនេះខ្លាំងណាស់ ពីព្រោះត្រូវជួបក្រុមខ្លាំងភ្នំពេញក្រោននៅថ្ងៃទី០២ ធ្នូ ឆ្នាំ២០១៧។ ចំណែកបឹងកេតអង្គរអាចមានឱកាសបានទៅលេងពា នMekong Cup នេះជាលើកទី៣ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ពីព្រោះពួកគេនឹងត្រូវជួបក្រុមមិនសូវខ្លាំងអាស៊ីអឺរ៉ុបនៅថ្ងៃទី ០២ ធ្នូ ដូចគ្នា។
ដោយឡែកមួយគូរទៀតគឺ ណាហ្គាវើលដែលមានពិន្ទុស្មើជាមួយបឹងកេតនោះត្រូវជួបក្រុម Cambodian Tiger។ ក្រុមរបស់លោក មាស ចាន់ណា នៅតែមានឱកាសបានឡើងឈរលេខ១បើក្រុមរបស់លោក សំ វណ្ណដេត និង ហៅ សុជាតិចាញ់ភ្នំពេញក្រោន។ ចំណែកក្រុមទ័ពទោះបីឈ្នះការប្រកួតចុងក្រោយនេះ មិនអាចបានឈរកំពូលតារាងនោះទេ ហើយពួកគេសូមត្រឹមរក្សាដំណែងលេខ៤ ដើម្បីមានឱកាសប្រកួតជាមួយក្រុមលេខ៣ដណ្ដើមដំណែងលីកកំពូលកម្ពុជាប៉ុណ្ណោះ។
ក្រុមដែលឈរលេខ១នឹងមានឱកាសលេងពាន Toyota Mekong Club Championshipក្នុងជុំទីមួយដោយត្រូវជួបក្រុមមកវៀតណាម ពិសេសក្រុមដែលចូលរួមក្នុងពាននេះ ទទួលបានប្រាក់លើកកទឹកចិត្ត១ម៉ឺនដុល្លារក្នុងដៃរួចជាស្រេច ទោះបីធ្លាក់ឬជាប់ទៅវគ្គបន្តក៏ដោយ៕