ខ្សែ​ប្រយុទ្ធ​របស់ Liverpool កីឡាករ Sadio Mane ប្រាប់​ថា​ ក្រុម​ហង្ស​ក្រហម​មួយ​នេះ​ មិន​ខ្លាច​ក្រុម​ណា​ទាំង​អស់​ ទាំង​នៅ​អង់គ្លេស​ និង​នៅ ​Champion League។

ខណៈ​ដែល​នៅ​ក្នុង​លីក ​Liverpool កំពុង​ឈរ​នៅ​លេខ​៣​ តាម​ពី​ក្រោយ​បិសាច​ក្រហម​២​ពិន្ទុ​ ប៉ុន្ដែ​ពួក​គេ​លេង​ចាញ់​តែ​ម្ដង​គត់​ ក្នុង​ចំណោម​១៩​ប្រកួត​ចុងក្រោយ​។ ចំណែក​ក្នុង​ពាន​អឺរ៉ុប ​UEFA Champion League វិញ Liverpool បាន​សម្លឹង​ឃើញ​កៅអី​វគ្គ​៨​ក្រុម​រួច​ទៅ​ហើយ​ ក្រោយ​ពេល​លត់ FC Porto ៥​ទល់០។

គិត​ត្រឹម​ពេល​នេះ​ Liverpool​ បាន​ស៊ុត​បញ្ចូល​ទី​គូប្រកួត​បាន​១០៣​គ្រាប់​ហើយ​ ដោយ​ជាប់​កំណត់​ត្រា​ជា​​ក្រុម​រក​បាន​គ្រាប់​បាល់​ដ៏​ច្រើន​ហើយ​កីឡាករ ​Mohamed Salah​ ម្នាក់​ឯង​ស៊ុត​បាន​រហូត​ដល់​ទៅ​៣១​គ្រាប់។ ភាព​ខ្លាំងក្លា​នេះ​ គឺ​ដោយសារ​តែ​ពួក​គេ​មាន​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ទាំង​បី​នាក់​គឺ​ Mohamed Salah, Sadio Mane និង Roberto Firmino។

Mane បាន​និយាយ​ថា​ ៖”​ខ្ញុំ​អាច​មើល​ដឹង​ថា​ ពួក​យើង​កំពុង​ដើរ​លើ​ផ្លូវ​មួយ​ដ៏​ត្រឹមត្រូវ​។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ពួក​យើង​ធ្វើ​មិន​បាន​ល្អ​នោះ​ទេ ប៉ុន្ដែ​ពេល​នេះ​ អ្វីៗ​បាន​ផ្លាស់ប្ដូរ​ហើយ​”។

“​និយាយ​ក្នុង​​ពេល​នេះ​​យើង​ កំពុង​ស្ថិត​លើ​ផ្លូវ​ដ៏​ល្អ​ហើយ​អ្វី​ៗ​គ្រប់​យ៉ាង​គឺ​អាច​ទៅ​រួច។ ខ្ញុំ​គិត​ថា​យើង​បាន​ពង្រឹង​ខ្លួន​ឯង​ច្រើន​ណាស់​មក​ហើយ​ក្នុង​រយៈ​ពេល​២​ទៅ​៣​ខែ​ចុង​ក្រោយ​នេះ។ ​ពួក​យើង​មាន​អារម្មណ៍​ថា ​ថ្ងៃ​ល្អ​របស់​យើង​គឺ​​អាច​យក​ឈ្នះ​លើ​គូ​ប្រកួត​ទាំង​អស់​នៅ​លើ​លោក​នេះ”

Besoccer