របាយការណ៍ពីប្រទេសអេស្ប៉ាញបានបញ្ជាក់ថា Real Madrid បានចាប់ផ្ដើមបាត់បង់ការអត់ធ្មត់ ជាមួយនឹងខ្សែប្រយុទ្ធKarim Benzema ខណៈទម្រង់លេងរបស់គេនៅរដូវកាលនេះធ្លាក់ដល់កម្រិតស្ទើរតែដល់បាត។
ពាក្យថា” ពង្រឹងឡើងវិញ ឬក៏ ចាកចេញ”គឺសារដែលស្ដេចស បានសួរទៅខ្សែប្រយុទ្ធជម្រើសជាតិបារាំង នេះបើតាមប្រភពកាសែត ABC ដ៏ចំណាស់បំផុតក្នុងប្រទេសអេស្ប៉ាញមានមូលដ្ឋាននៅទីក្រុងម៉ាឌ្រីដ។ កីឡាករវ័យ៣០ឆ្នាំហាក់លេងមិនបានល្អសោះ និងរកគ្រាប់បាល់មិនបានធ្វើឲ្យក្រុមលោក Zinedine Zidane ភ្ញាក់ផ្អើល ទោះបីជាគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ ជាអ្នកគាំទ្រផ្កាប់មុខរបស់ Benzema ក៏ដោយ។
បែបណាក្ដី! ក្លឹបបានព្រមានកីឡាកររួចហើយ ដោយដាក់លក្ខខណ្ឌថា តើត្រូវពង្រឹងសមត្ថភាពឡើងវិញ ឬត្រូវលក់ចេញពីក្លឹប។ ថ្នាក់ដឹកនាំក្លឹបរំពឹងថា នឹងឃើញ Benzema លេងល្អឡើងវិញនៅឆ្នាំ ២០១៨ខាងមុខ ហើយបើមិនអាចដូចដើមទេនឹងត្រូវដកឲ្យអង្គុយកៅអីបម្រុង ហើយរងចាំថ្ងៃលក់ចេញពេលចប់រដូវកាលនេះ។
ទោះបីជា Cristiano Ronaldo តែងតែចាប់ដៃគូជាមួយ Benzema ក្នុងតំបន់ប្រយុទ្ធរបស់ក្លឹប ក៏ពួកគេមិនចង់បណ្ដោយឲ្យកីឡាករដំណែងសំខាន់បំផុតក្នុងក្រុមលេងក្នុងទម្រង់បែបនេះដែរ ដោយក្លឹបនៅមានជម្រើសជាច្រើនទៀតគឺ Isco, Gareth Bale, និង Marco Asensio។
ពេលវេលានឹងប្រាប់ថា តើអនាគត Benzemaនៅ Real Madrid នឹងក្លាយជាយ៉ាងណា ប៉ុន្តែកាសែត ABC ជឿថាអនាគតរបស់ Karim Benzema គឺមានតែ Real Madrid នេះឯង៕