ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe ទើបតែស៊ុត២គ្រាប់កាលពីម្សិលមិញឲ្យក្រុមបាល់ទាត់ជម្រើសជាតិបារាំង យកឈ្នះអាហ្សង់ទីន ដោយ​លទ្ធផល ៤ទល់នឹង៣ ក្នុងការប្រកួត FIFA World Cup 2018 វគ្គ១៦ក្រុមចុងក្រោយ។

ដោយឡែកអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ សមាជិករបស់ PSG បាន​យក​លុយ​ដែល​បាន​ពី​ការ​ប្រកួត​សម្រាប់ពានរង្វាន់បាល់ទាត់ពិភពលោក​ឆ្នាំ២០១៨ទាំង​អស់នេះ ​ទៅ​ជួយ​ដល់​អង្គការ​ក្មេង​កំព្រា ​ដោយ​សំអាង​លើ​ហេតុ​ផល រូបគេ​លេង​បាល់​មិន​មែន​ដើម្បី​លុយ​ទេ។

Mbappé ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​បារាំង ​ទទួល​បាន​ប្រមាណ​២​ម៉ឺន​អឺរ៉ូ ​ក្នុង​១​ប្រកួត​នៅ​ព្រឹត្តិការណ៍ World Cup 2018 ​នេះ។ បើ​យោង​តាម​កាសែត​នៅ​បារាំង ​បាន​ចុះ​ផ្សាយ​ថា ​ប្រាក់​ដែល​កីឡាករ​លេង​នៅ​ក្លឹប​អាជីព PSG ​នេះ​បាន ​ពី​ការ​ប្រកួត ​នឹង​ផ្ដល់​ជូន​ទៅ​ខាង​អង្គការ​ក្មេង​កំព្រា​ទាំង​អស់។

គួរបញ្ជាក់ថា ក្រុមមាន់គកបារាំងបានក្លាយជាក្រុមដំបូងគេបង្អស់ដែលកក់កៅអីវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីបានយកឈ្នះអាហ្សង់ទីន៤ទល់នឹង៣។