គ្រូ​បង្វឹក​ក្លឹប​មាន​ខ្នាយ​មាស​ Spurs លោក Mauricio Pochettino ជឿ​ថា​​ការ​ប្រកួត​ប្រជែង​​ ដើម្បី​ពាន​ Premier League ខ្លាំង​ពេក ​ធ្វើ​ឲ្យ​ការ​ដណ្ដើម​ពាន​លំដាប់​អឺរ៉ុប​របស់​ក្រុម​មក​ពី​អង់គ្លេស​តែង​តែង​ធ្លាក់​ជា​បន្ត​បន្ទាប់​។

កាល​ពី​រដូវ​កាល​មុន​ក្រុម​របស់​លោក​បាន​ធ្លាក់​វគ្គ​ជម្រុះ​ក្នុង​ពូល ​Champions League ប៉ុន្តែ​សម្រាប់ពាន​ Premier League វិញ​លើក​ពិត​ធ្វើ​បាន​ល្អ​ ដោយ​ជួយ​ក្លឹប​ឈរ​លេខ​២ក្នុងតារាង​លីក​មាន​៨៦​ពិន្ទុ​ ដែល​ជា​កំណត់​ត្រា​ពិន្ទុ​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​ក្លឹប។

ក្លឹប​អង់គ្លេស​ដទៃ​ទៀត​ក៏​មាន​ស្ថានភាព​មិន​ខុស​គ្នាដែរ ​ដោយ​មិន​ដែល​បាន​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ចាប់​តាំងពី​ Chelsea ឈ្នះ​Bayern Munich កាល​ពី​ឆ្នាំ​២០១២ ហើយ​ក្លឹប​ទាំង​នេះ​បាន​ត្រឹម​វគ្គ​៤​ក្រុម​ចុងក្រោយ​​២​ដង​ប៉ុណ្ណោះ​​ក្នុង​រយៈ​កាល​៥​រដូវ​កាល​ចុង​ក្រោយនេះ។

លោក Pochettino បាន​ដាក់​ការ​ធ្លាក់​ចុះ​នៃ​គុណភាព​ប្រជែង​ពាន​លំដាប់​អឺរ៉ុប​របស់​ក្រុម​មក​ពី​អង់គ្លេស​ថា​ ជា​វប្បធម៌​ខុស​គ្នា​នៃ​ការ​ប្រកួត​ប្រជែង​ក្នុង​Premier League។

“ Premier League គឺ​ជា​ការ​ប្រកួត​ប្រជែង​ចម្បង​គេ ​សម្រាប់​កីឡាករ​គ្រប់​គ្នា​ដែល​លេង​នៅ​ Premier League។ អារម្មណ៍​ចង់​ឈ្នះ​ Champions League នៅ​អ៊ីតាលី​ គឺ​ជា​ការ​ប្រកួត​ប្រជែង​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក។ ​ប៉ុន្តែ​នៅ​អង់គ្លេស Premier League គឺ​ជា​ពាន​សំខាន់​បំផុត ​​បន្ទាប់​មក​គឺ​ FA Cup។ Champions League និង ​Europa League ក៏​សំខាន់​ដូចគ្នា​តែ​ស្ថិត​ក្នុង​កម្រិត​ខុស​គ្នា។ នេះ​ពិត​ជា​ពិបាក​ពន្យល់​ឲ្យ​បាន​ក្បោះក្បាយ។ ពេល​ដែល​អ្នក​នៅ​ប្រទេស​អង់គ្លេស​អ្នក​អាច​គិត​ថា​ Premier League សំខាន់​ជាង​អ្វី​ទាំង​អស់​ ពិសេស​សម្រាប់​ក្លឹប​នីមួយៗ។”

“ ក្នុង​ប្រទេស​អេស្ប៉ាញ​ និង​អ៊ីតាលី​ពួក​គេ​គិត​ដល់​ Champions League មុន​គេ​ជា​ជាង​ពាន​ក្នុង​ស្រុក​ ហើយ​ក្រុម​ដែល​ស្ថិត​ក្នុង​លំដាប់​ក្រោម​ហ្នឹង​បន្តិច​គេ​គិត​ដល់​ Europa League ជាង​ពាន​ក្នុង​ស្រុក​ នេះ​គឺ​ជា​ការ​ពិត។ អ្ន​ក​អាច​យល់​ ដោយសារ​តែ​ Premier League ជា​លីក​ដ៏​តឹងតែង មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង  ​និង ជា​លីក​ដ៏​អស្ចារ្យ​ក្នុង​ពិភពលោក។”

លោក​បាន​បន្ត​ថា​៖ “ អ្នក​មិន​អាច​ផ្លាស់ប្ដូរ​បាន​ទេ! នេះ​គឺ​អង់គ្លេស​ វប្បធម៌​នៅ​ទី​នោះ​ដោយឡែក​ ហើយ​ត្រូវ​តែ​ក្លាហាន​ទទួល​យក​ និង​ប្រកួត​ប្រជែង​ក្នុង​មធ្យោបាយ​ផ្សេង​ៗ​គ្នា”៕