តារា​បាល់ទាត់​របស់​ក្រុម ​Athletico Madrid កីឡាករ Antoine Griezmann  នៅ​តែ​មាន​ព័ត៌មាន​ផ្ទេរ​មក​លេង​នៅ ​Manchester United ក្នុង​ពេល​ឆាប់​ៗ​នេះ ​បើ​តាម​ប្រភព​មក​ពី​ប្រទេស​អេស្ប៉ាញ។

ម្ចាស់​គ្រង់​ដំណែង​ជើង​ឯក Europa League ​និង ​EPL Cup បាន​កំណត់​អត្តសញ្ញាណ​ Griezmann ជា​គោលដៅ​ទី​មួយ​ សម្រាប់​រដូវ​ដោះដូរ​កីឡាករ​ឆ្នាំ​នេះ​ ប៉ុន្តែ​At. Madrid នៅ​ជាប់​ក្នុង​ការ​ដាក់​ពិន័យ​មិន​ឲ្យ​ទិញ​កីឡាករ​ចូល ​​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​បារាំង​សម្រេច​ចិត្ត​បន្ត​នៅ​ជាមួយ​ក្លឹប​មាន​​មូល​ដ្ឋាន​នាទី​ក្រុង ​Madrid។

គ្រូ​បង្វឹក​ក្រុម​បិសាច​ក្រហម​ លោក Jose Mourinho នៅ​តែ​មាន​ចំណាប់​អារម្មណ៍​ចង់​ចុះ​កុង​ត្រា​យក​ Griezmann ហើយ​បើ​តាម​លោក Guillem Balague អ្នក​កាសែត​អេស្ប៉ាញ​ បាន​និយាយ​ថា​សូម្បី​តែ​សាមី​ខ្លួន​កីឡាករ​ផ្ទាល់​ ក៏​ចង់​មក​លេង​នៅ ​Old Trafford ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ​ដែរ។ ចំណែក​កាសែត​ The Sun របស់​អង់គ្លេស​បាន​បញ្ជាក់​ថា ​Manchester United បាន​រៀប​ចំ​យុទ្ធសាស្ត្រ​ នាំ​យក​កីឡាករ​វ័យ​២៦​ឆ្នាំ​មក​ Old trafford នៅ​រដូវ​កាល​ក្រោយ​​ ខណៈ​សំណើ​ដែល​ដាក់​ទៅ​ក្លឹប​យក្ស​នៅ​ La Liga មួយ​នេះ​​កាល​ពី​មុន ​ត្រូវ​បាន​ទុក​ជា​មោឃៈ​ទៅ​ហើយ​នោះ។

កាល​ពី​ដើម​ឆ្នាំ​នេះ ​​អតីត​ខ្សែ​ប្រយុទ្ធ​ Real Sociedad ទទួល​បាន​ប្រាក់ឈ្នួល​ឡើង​ខ្ពស់​បន្ថែម​ លើ​ប្រាក់​ឈ្នួល​ចាស់​គឺ​ពី​ 150,000ផោន​ដល់​ទៅ ​235,000ផោន ក្នុង​មួយ​សប្ដាហ៍​ជាមួយ​នឹង​តម្លៃ​ផ្ដាច់​កុង​ត្រា​៨៨.២​លាន​ផោន៕