Lionel Messi ទើបតែបានប្រាប់ការពិតអំពីរឿងរ៉ាវកាលពីគាត់នៅក្មេង ដែលធ្វើអោយមនុស្សគ្រប់គ្នាមានការអាណិតជាពន់ពេក។កាលពីនៅវ័យកុមារ Messi ត្រូវទទួលរងការឈឺចាប់ដែលបណ្ដាលមកពីបញ្ហាអរម៉ូន ដែលធ្វើអោយខ្លួនប្រាណមានការលូតលាស់យឺត។
វាជារឿងដ៏ពិបាកដែលកុមារក្រីក្រម្នាក់ត្រូវប្រឈមមុខ។ ការព្យាបាលនាសម័យនោះ តម្រូវអោយមានការចាក់ថ្នាំ ដោយប្រើម្ជុលជាប្រចាំដើម្បីកាត់បន្ថយការឈឺចាប់ក្នុងសាច់ដុំ។ Messi បានអោយដឹងថា៖” ខ្ញុំបានចាប់ផ្ដើមចាក់ថ្នាំនោះ តាំងពីអាយុ៨ឆ្នាំ ដោយឳពុកម្ដាយខ្ញុំជាអ្នកចាក់ឲ្យ។ ពេលចាក់ទៅមិនឈឺនោះទេ ព្រោះវាគ្រាន់តែជាម្ជុលតូចមួយប៉ុណ្ណោះ។ ពេលអាយុ១២ឆ្នាំ ខ្ញុំក៏រៀនចាក់ដោយខ្លួនឯង។ ពេលនោះខ្ញុំត្រូវចាក់លើជើងទាំងសងខាងជារៀងរាល់យប់។ វាមិនមែនជារឿងដែលធ្វើអោយខ្ញុំសប្បាយចិត្តនោះទេ”។
នៅអាយុ១៣ឆ្នាំ Messi បានធ្វើដំណើរជាមួយក្រុមគ្រួសារមកកាន់ទីក្រុង Barcelona ដើម្បីកសាងជីវិតថ្មី គឺនៅឆ្នាំ២០០១។ មកដល់ទីនេះ Messi បានចូលហាត់ជាមួយឈុតយុវជនរបស់ Barcelona និងត្រូវបានក្លឹបជួយព្យាបាលជម្ងឺរហូតជាសះស្បើយ។
ប៉ុន្ដែជីវិតនៅកន្លែងថ្មីដែលឆ្ងាយពីស្រុកកំណើត មិនមែនងាយស្រួលនោះទេ ម្ដាយ និងបងប្អូនរបស់ Messi បាននាំគ្នាត្រលប់ទៅកាន់ប្រទេសអាហ្សង់ទីនវិញ ដោយបន្សល់ទុកតែរូបគេ និងឳពុកអោយស្នាក់នៅបន្ដទៀត។ ពេលនោះឳពុករបស់ Messi បានសួរគេថា តើយើងគួរធ្វើអ្វីបន្ដ? គេបានប្រាប់ទៅឳពុកវិញថា ខ្ញុំចង់នៅទីនេះបន្ដទៀត។ នៅឆ្នាំ ២០០៥ Messi បានចាប់ផ្ដើមចូលលេងអោយក្រុមឈុតធំរបស់ Barcelona និងទទួលបានជោគជ័យជាបន្ដបន្ទាប់រហូតមក៕
The Sun